មនុស្ស ៦០នាក់ស្លាប់ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងរថយន្តដឹកទំនិញនៅភាគខាងត្បូងទីក្រុងបាដាដ

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៦

យោងតាមប្រភពព័ត៌មានពីប៉ូលីស ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS បានអៈអាងទទួលខុសត្រូវចំពោះការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងរថយន្តដឹកទំនិញមួយគ្រឿងដែលសម្លាប់មនុស្សយ៉ាងហោចណាស់ ៦០នាក់នៅខេត្តហ៊ីលឡា​​ (Hilla) ភាគខាងត្បូងនៃរដ្ឋធានីអ៊ីរ៉ាក់។ មន្ត្រីប្រទេសអ៊ីរ៉ាក់និយាយថាចំនួនអ្នកស្លាប់បានឡើងដល់ ៦០នាក់ក្នុងនោះរួមមានជនស៊ីវិលយ៉ាងហោចណាស់ ៣៩នាក់ក្នុងពេលដែលរថយន្តដឹកប្រេងឥន្ធនៈមួយគ្រឿងផ្ទុះនៅច្រកត្រួតពិនិត្យភាគខាងជើងខេត្ត​ហ៊ីលឡា​​ (Hilla)។ មានមនុស្សជាង ៧០នាក់ផ្សេងទៀតបានរងរបួសក្នុងការវាយប្រហារនេះ។ លោក Falah Al-Radhi ប្រធានគណៈកម្មាធិការសន្តិសុខខេត្តប្រាប់សារព័ត៌មាន Reuters ថាវាជាការវាយប្រហារគ្រាប់បែកធំបំផុតក្នុងខេត្តហ៊ីលឡា​​ (Hilla) នេះ។ ច្រកត្រួតពិនិត្យដែលនៅស្ថានីយ៍ប៉ូលីសត្រូវបំផ្លាញព្រមទាំងផ្ទះមួយចំនួននិងរថយន្តរាប់សិបគ្រឿង។ អំពើហិង្សាក្នុងប្រទេសអ៊ីរ៉ាក់កាន់តែកើនឡើងក្នុងរយ:ពេលប៉ុន្មានខែចុងក្រោយនេះ ដោយចំនួននៃការវាយប្រហារអត្តឃាតកាន់តែច្រើនឡើងនៅជុំវិញទីក្រុងបាដាដ។ គួរបញ្ជាក់ផងដែរថាកាលពីខែមិនាឆ្នាំ ២០១៤ ខេត្តនេះក៏ត្រូវបានរងនូវការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្តដែលសម្លាប់មនុស្ស ៣៥នាក់។

Baghdad 07-03-16