ប្រភពព័ត៌មានពី USA Today ចេញផ្សាយថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០១៦
បើយោងតាមប៉ូលីស និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយបានឲ្យដឹងថាការវាយប្រហារមួយកាលពីថ្ងៃអង្គារនៅប្រទេសអ៊ីស្រាអែលបានធ្វើឲ្យនិស្សិតបញ្ចប់ការសិក្សាសាកលវិទ្យាល័យ Vanderbilt ម្នាក់ស្លាប់ក្នុងទីក្រុង Jaffa ដែលការចាក់សម្លាប់នេះនៅមិនឆ្ងាយពីកន្លែងដែលអនុប្រធានាធិបតី Joe Biden ជួបប្រជុំជាមួយអតីតប្រធានាធិបតីអ៊ីស្រាអែល លោក Shimon Peres។ សាកលវិទ្យាល័យ Vanderbilt នៃទីក្រុង Nashville បានកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះដែលមានឈ្មោះថា Taylor Force ជានិស្សិតបានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រង។ លោក Micky Rosenfeld អ្នកនាំពាក្យរបស់ប៉ូលីសអ៊ីស្រាអែលបានឲ្យដឹងថា ខណៈនេះជនរងគ្រោះមិនទាន់បានប្រាប់ឈ្មោះនៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថាជនរងគ្រោះជាពលរដ្ឋអាមេរិកដែលត្រូវគេចាក់សម្លាប់ក្នុងការវាយប្រហារដោយកាំបិតដែលមានមនុស្ស ១០នាក់ផ្សេងទៀតរងរបួស។ Rosenfeld និយាយថាអ្នកវាយប្រហារនេះត្រូវគេកំណត់ថាជាជនប៉ាឡេស្ទីនដែលគេបាញ់សម្លាប់។ លោក Rosenfeld និយាយថាអំពើហិង្សាក្នុងទីក្រុងJaffa ស្ថិតនៅជាផ្នែកមួយនៃការវាយប្រហារកាលពីថ្ងៃអង្គារដែលរួមបញ្ចូលទាំងការបាញ់ប្រហារនៅក្រុងយេរូសាឡឹម ជាកន្លែងដែលមន្រ្តីនគរបាលទាំង២នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។