មេដឹកនាំកំពូលរបស់ក្រុមឧទ្ទាម ISIS ប្រហែលអាចនឹងស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក

0

ប្រភពព័ត៌មានពី​ CNN ចេញផ្សាយថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០១៦

មន្ត្រីសហរដ្ឋអាមេរិកបានអោយដឹងថាសហគមន៍យោធា និងស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិកកំពុងវាយតម្លៃថាតើការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកមកលើគោលដៅមួយកន្លែងរបស់ក្រុម ISIS បានសម្លាប់មេដឹកនាំកំពូលរបស់ក្រុមនេះដែលមានឈ្មោះថា Omar (​the Chechen) ឬយ៉ាងណា។ ការវាយប្រហារនេះធ្វើឡើងកាលពីថ្ងៃសុក្រនៅជិតទីក្រុង al-Shadadi ប្រទេសស៊ីរី ។ មន្ត្រីនាយកដ្ឋានការពារជាតិបានឱ្យដឹងថាលោក Shishani ទំនង “ជាត្រូវបានសម្លាប់”។ លោក Abu Omar al-Shishani ដែលជាមេដឹកនាំរបស់ក្រុម ISIS មានភាពល្បីល្បាញថាជាមេបញ្ជាការដែលមានសមត្ថភាពល្អបំផុតម្នាក់។ ក្រសួងការបរទេសសហរដ្ឋអាមេរិកធ្លាប់ផ្តល់រង្វាន់ជាទឹកប្រាក់ចំនួន ៥លានដុល្លាសម្រាប់ជនណាម្នាក់ដែលអាចសម្លាប់គាត់បាន។ លោក Shishani ធ្លាប់ជាអតីតសមាជិកនៃអង្គភាពពួកវរជនយោធាហ្សកហ្ស៊ីមួយរូបផងដែរ។​ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Peter Cook និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយប្រើប្រាស់ឈ្មោះមួយផ្សេងទៀតសម្រាប់មេដឹកនាំរបស់ក្រុម ISIS​ ម្នាក់នេះថា លោក Batirashvili ជាមេដឹកនាំប្រយុទ្ធដែលមានបទពិសោធម្នាក់ លោកបានដឹកនាំក្រុមអ្នកប្រយុទ្ធរបស់ក្រុម ISIS នៅក្នុងការប្រយុទ្ឋជាច្រើនក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី។ មន្ត្រីការពារជាតិបាននិយាយថាយុទ្ធជនក្រុម ISIS ១២នាក់ ក៏ទំនងជាស្លាប់ដែរក្នុងការវាយប្រហារជាមួយនឹងលោក Shishani ដែរ។ គួរបញ្ជាក់ផងដែរថា លោក Shishani បានចូលរួមជាមួយក្រុម ISIS នៅក្នុងឆ្នាំ ២០១៣ ហើយក្រោយមកទទួលបន្ទុកពន្ធនាគារមួយកន្លែងនៅជិតទីក្រុង Raqqa ជាកន្លែងដែលអង្គការភេរវកម្មនេះឃុំខ្លួនចំណាប់ខ្មាំងបរទេស។ មន្ត្រីការពារជាតិនិយាយថា លោក Shishani បញ្ជារអោយក្រុមនេះដឹកជញ្ជូនអាវុធ និងយាន្តជំនិះពីប្រទេសអ៊ីរ៉ាក់ទៅស៊ីរីកាលពីខែមិថុនាឆ្នាំ ២០១៤ ហើយលោកត្រូវគេដាក់ឈ្មោះជាមេបញ្ជាការភាគខាងជើងរបស់ក្រុម ISIS ដោយមេដឹកនាំក្រុម Abu Bakr Al-Baghdadi មានតួនាទីត្រួតពិនិត្យមើលប្រតិបត្តិការយោធានៅភាគខាងជើងប្រទេសស៊ីរី។

ISIS 09-03-16