ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៦
យោងតាមរបាយការណ៍អោយដឹងថាអ្នកជំនាញផ្នែកអាវុធគីមីម្នាក់នៃក្រុមឧទ្ទាមរដ្ឋអ៊ិស្លាម (IS) របស់ប្រទេសអ៊ីរ៉ាក់ត្រូវបានចាប់ខ្លួនដោយកងកម្លាំងពិសេសសហរដ្ឋអាមេរិកហើយកំពុងតែសួរចម្លើយ។ ប្រភពព័ត៌មានពីប្រទេសអ៊ីរ៉ាក់ និងសហរដ្ឋអាមេរិកបានអោយដឹងថាបុរសម្នាក់នេះធ្លាប់ជាអ្នកជំនាញខាងផ្នែកអាវុធគីមី និងជីវសាស្រ្តក្នុងរបបលោក សាដាមហ៊ូសេន (Saddam Hussein) មេដឹកនាំប្រទេសអ៊ីរ៉ាក់ដែលត្រូវផ្ដួលរំលំដោយសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ២០០៣។ លោកឈ្មោះ Sleiman Daoud al-Afari ត្រូវគេចាប់ខ្លួនកាលពីខែមុន។ នៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់សារព័ត៌មាន BBC មន្ទីរបញ្ចកោណមិនបានបញ្ជាក់អំពីការចាប់ខ្លួនរបស់បុរសម្នាក់នេះទេ។ ទោះជាយ៉ាងណា អ្នកនាំពាក្យមន្ទីរបញ្ចកោណបានបញ្ជាក់ថាកងកម្លាំងពិសេសសហរដ្ឋអាមេរិកបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងអ៊ីរ៉ាក់ដែលជាផ្នែកមួយទៀតនៃយុទ្ធសាស្រ្តប្រឆាំងនឹងក្រុមឧទ្ទាម IS នេះ។ កាលពីខែមុនប្រភពឃ្លាំមើលអាវុធគីមីពិភពលោកដែលជាអង្គការហាមឃាត់ការប្រើប្រាស់អាវុធគីមី (OPCW) បានប្រកាសថាអាវុធគីមី Sulphur Mustard ត្រូវគេប្រើកាលពីឆ្នាំមុនក្នុងការវាយប្រហារមកលើកងកម្លាំងឃើដក្នុងប្រទេសអ៊ីរ៉ាក់។ ប្រសិនបើនេះជាការពិតនោះវាជាការប្រើប្រាស់អាវុធគីមីលើកដំបូងនៅក្នុងប្រទេសអ៊ីរ៉ាក់ចាប់តាំងពីការដួលរំលំនៃរបបរបស់លោក សាដាមហ៊ូសេន។