ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៦
ឈ្មោះនៃជនវាយប្រហារទីក្រុងប៉ារីស ៣រូបបានលេចឡើងក្នុងឯកសារដែលបែកធ្លាយចេញពីក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម IS នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយប្រទេសអាឡឺម៉ង់។ គេជឿថាជនទាំង ៣នាក់នេះជាអ្នកអនុវត្តការវាយប្រហារដ៏សាហាវបំផុតនៅឯមហោស្រព Bataclan ជាកន្លែងដែលមនុស្សចំនួន ៩០នាក់ស្លាប់នៅទីនោះ។ ឯកសាររបស់ក្រុម IS ដែលទទួលបានពីប្រព័ន្ធផ្សព្វផ្សាយប្រទេសអាឡឺម៉ង់ ប្រទេសអង់គ្លេសនិងបក្សប្រឆាំងស៊ីរីត្រូវគេនិយាយថាមានកំណត់អត្តសញ្ញាណសមាជិកជីហាដរាប់ពាន់នាក់ដែលជ្រើសរើសយ៉ាងហោចណាស់ចេញពី ៤០ប្រទេស។ ក្រុមមន្រ្តីអាឡឺម៉ង់បានឱ្យដឹងថាឯកសារទាំងនេះអាចសន្មតថាជាព័ត៌មានពិតប្រាកដ។ យុទ្ធជនប្រហែលជា ២២,០០០នាក់ត្រូវគេកំណត់អត្តសញ្ញាណដោយយោងតាមឯកសារនេះ។ ឯកសារនិមួយៗមានជាបញ្ជីរឈ្មោះ អាសយដ្ឋាន និងព័ត៌មានផ្សេងៗទៀតរបស់សមាជិកម្នាក់ៗនៃក្រុមនេះ។ ក្នុងចំណោមពួកគេទាំងអស់មានជន ៣រូបគឺលោក Samy Amimour លោក Foued Mohamed-Aggad និងលោក Omar Ismail Mostefai ដែលជនទាំងនេះជាអ្នកវាយប្រហារមហោស្រព Bataclan ក្នុងអំឡុងពេលការប្រគុំតន្ត្រីរបស់ក្រុម Eagles of Death Metal ដែលសម្លាប់មនុស្ស ៩០នាក់នោះ។