ក្រុងបាកដាដសន្យាថានឹងសងសឹកបន្ទាប់ពីមានមនុស្ស ៦០០នាក់រងរបួស និងក្មេងស្រីអាយុ ៣ឆ្នាំម្នាក់ស្លាប់ក្នុងការវាយប្រហារគីមីដោយក្រុមឧទ្ទាម ISIS មកលើអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៦

អាជ្ញាធរមូលដ្ឋានបានអោយដឹងថាក្មេងស្រីអាយុ ៣ឆ្នាំម្នាក់ស្លាប់ និងមនុស្ស ៦០០នាក់ផ្សេងទៀតរងរបួសបន្ទាប់ពីក្រុមសកម្មប្រយុទ្ធ ISIS អនុវត្តការវាយប្រហារគីមីចំនួន ២លើកនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ រដ្ឋាភិបាលប្រទេសអ៊ីរ៉ាក់ប្តេជ្ញាថាជនដែលធ្វើការវាយប្រហារនេះនឹងត្រូវសងមកវិញសម្រាប់អំពើដ៏ឃោរឃៅនេះ។ ការវាយប្រហារនេះបង្ខំឱ្យមនុស្សរាប់រយនាក់ភៀសខ្លួនចេញពីទីលំនៅរបស់ពួកគេដើម្បីស្វែងរកកន្លែងសុវត្ថិភាព។ នាយករដ្ឋមន្រ្តីប្រទេសអ៊ីរ៉ាក់លោក Haider al-Abadi និយាយថា អ្វីដែលពួកភេរវករ Daesh “ពាក្យមើលងាយក្រុម IS ជាភាសាអារ៉ាប់” បានធ្វើនៅក្នុងទីក្រុង Taza នឹងមិនត្រូវលើកលែងជាដាច់ខាត។ ជនល្មើសនឹងសងមកវិញនូវអ្វីដែលពួកគេបានធ្វើ។ ជនដែលរងរបួសរាប់រយនាក់កំពុងឈឺចាប់ពីសារធាតុគីមីដូចជាថប់ដង្ហើម និងការខ្សោះជាតិទឹក នេះបើយោងតាម Helmi Hamdi ជាគិលានុបដ្ឋាយិកាប្រចាំមន្ទីពេទ្យក្រុង Taza នាងបន្ថែមទៀតថាមានមនុស្ស ៨នាក់ត្រូវគេបញ្ជូនទៅទីក្រុងបាដាដដើម្បីព្យាបាលជាបន្ទាន់។ លោក Sameer Wais ជាឪពុករបស់កុមារីអាយុ ៣ឆ្នាំឈ្មោះ Fatima Wais ដែលស្លាប់នៅក្នុងការវាយប្រហារគីមីនេះ ជាអ្នកប្រយុទ្ធសម្រាប់កងកម្លាំងស៊ីអ៊ីតក្នុងតំបន់។ បន្ទាប់ពីទទួលបានដំណឹងអំពីសោកនាដកម្មនេះ គាត់ត្រឡប់មកផ្ទះយកកូនស្រីរបស់គាត់ទៅគ្លីនិកមួយកន្លែង បន្ទាប់មកទៅកាន់មន្ទីរពេទ្យនៅ Kirkuk។ ក្មេងស្រីនេះហាក់ដូចជាមានសភាពល្អប្រសើរជាងមុននៅថ្ងៃបន្ទាប់ ក្រោយមកក្រុមគ្រួសារក៏យកនាងត្រឡប់មកផ្ទះវិញ។ ប៉ុន្តែអ្វីដែលគួរអោយតក់ស្លុតនោះបានកើតឡើងប៉ុន្មានម៉ោងក្រោយមក។ លោក Sameer និយាយថា “អាការរបស់នាងកាន់តែទ្រុឌទ្រោមទៅៗ។ មុខរបស់នាងឡើងប៉ោង និងភ្នែករបស់នាងលៀនចេញមក។ បន្ទាប់មកស្បែករបស់នាងប្រែទៅជាខ្មៅ និងបំណែកនៃស្បែករបស់នាងចាប់ផ្តើមរបេះធ្លាក់ចុះ”។ ក្មេងស្រីម្នាក់នេះស្លាប់នៅព្រលឹមថ្ងៃបន្ទាប់។ មនុស្សរាប់រយនាក់បានចូលរួមក្នុងពិធីបុណ្យសពរបស់ក្មេងស្រី Fatima។ ប្រជាជនមួយចំនួនបង្ហាញពីការមិនពេញចិត្តរបស់ពួកគេជាមួយរដ្ឋាភិបាល និងអំពាវនាវឱ្យអាជ្ញាធរការពារប្រជាជនពីការវាយប្រហាររបស់ក្រុមឧទ្ទាម IS នេះ។

ISIS 14-03-16