យុទ្ឋជន ISIS​ ជនជាតិអាមេរិកត្រូវចាប់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់បន្ទាប់ពីយល់ច្រលំថាជាព្រំដែនប្រទេសទួរគី

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៦

មេបញ្ជាការប្រចាំតំបន់ម្នាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយឃើដថាយុទ្ឋជនក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS ម្នាក់មកពីសហរដ្ឋអាមេរិកត្រូវចាប់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់បន្ទាប់ពីព្យាយាមចូលទៅកាន់ទឹកដីដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធក្នុងប្រទេសស៊ីរី។ បុរសម្នាក់នេះត្រូវគេរាយការណ៍ថាយល់ច្រលំមកលើតំបន់នេះថាជាព្រំដែនប្រទេសទួរគី។ មេបញ្ជាការប្រចាំតំបន់បន្តថាបុរសដែលត្រូវចាប់ខ្លួននោះមានឈ្មោះ Muhammad Jamal Amin អាយុ ២៧ឆ្នាំ កើតនៅ Virginia ជាពលរដ្ឋអាមេរិកដែលមានឪពុកជាជនជាតិប៉ាឡេស្ទីន និងម្តាយជាជនជាតិអ៊ីរ៉ាក់។ មេបញ្ជាការបានឱ្យដឹងថាកងកម្លាំងឃើដបានព្យាយាមបាញ់មកលើបុរសម្នាក់នេះមុនពេលដែលគាត់ឈានមកដល់មូលដ្ឋានរបស់ពួកគេនៅក្បែរ Sinjar ហើយក្រោយមកក៏ចាប់ឃុំខ្លួន។ ទូរស័ព្ទដៃជាច្រើនគ្រឿង លុយមួយចំនួន និងកាតសម្គាល់ខ្លួនត្រូវគេរឹបអូសពីបុរសម្នាក់នេះ។ យោងតាមមន្រ្តីដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាបុរសម្នាក់នេះយល់ច្រឡំថាតំបន់ដែលខ្លួនបំរុងនឹងឆ្លងកាត់ (ទឹកដី Peshmerga) ជាព្រំដែនប្រទេសទួរគី។ បុរសម្នាក់នេះត្រូវបានគេរាយការណ៍ថាបានចូលក្នុងប្រទេសស៊ីរីពីប្រទេសទួរគីកាលពី ២ខែមុនមកម្លេះ។ សារព័ត៌មាន CBS News រាយការណ៍ថាបុរសម្នាក់នេះនិយាយថាខ្លួនគាត់ជាយុទ្ឋជនរបស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS ដែលព្យាយាមភៀសខ្លួនចេញពីក្រុម។ ទន្ទឹមនឹងនេះសារព័ត៌មាន CNN បានរាយការណ៍ថាវានៅមានការស្រពិចស្រពិលនៅឡើយថាតើហេតុអ្វីបានជាបុរសនេះនៅក្នុងទឹកដីរបស់ក្រុម ISIS ឬក៏កន្លែងដែលបុរសម្នាក់នេះត្រូវបានគេយកទៅឃុំឃាំងនោះ។

ISIS 15-03-16