យន្តហោះចម្បាំងប្រទេសទួរគីវាយប្រហារជំរុំរបស់គណបក្សឃើដ PKK នៅប្រទេសអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៦

កងទ័ពប្រទេសទួរគីបានបញ្ជាក់ថាយន្តហោះចម្បាំងប្រទេសទួរគីបានវាយប្រហារទម្លាក់គ្រាប់បែកមកលើជំរុំដែលជាកម្មសិទ្ធិរបស់គណបក្សកម្មករឃើដ (​Kurdistan Worker’s (PKK)) នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃច័ន្ទ។ ការវាយប្រហារនេះមិនលើសពី ២៤ ម៉ោងបន្ទាប់ពីការវាយប្រហារគ្រាប់បែកអត្តឃាតក្នុងរថយន្តមួយគ្រឿងនៅទីក្រុងអង់ការ៉ាដែលសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៧នាក់នោះ។ យន្តហោះចម្បាំងសរុប ១១គ្រឿងត្រូវបានបញ្ជារអោយអនុវត្តការវាយប្រហារទម្លាក់គ្រាប់បែកមកលើទីតាំងរបស់គណបក្ស PKK។ ប្រភពពីយោធាទួរគីអោយដឹងថាគោលដៅចំនួន ១៨កន្លែងត្រូវបានវាយប្រហារក្នុងនោះរួមមានទាំងឃ្លាំងគ្រាប់រំសេវនិងទីជម្រកផងដែរ។ ប្រទេសទួរគីជឿថាគណបក្ស PKK ជាអង្គការភេរវកម្មមួយហើយទីក្រុងអង់ការ៉ាបានស្តីបន្ទោសក្រុមនេះអំពីការវាយប្រហារភេរវកម្មថ្មីៗនៅក្នុងប្រទេស រួមទាំងការបំផ្ទុះគ្រាប់បែកក្នុងរថយន្តកាលពីថ្ងៃអាទិត្យនៅមជ្ឈមណ្ឌលដឹកជញ្ជូនមួយកន្លែងក្នុងទីក្រុងអង់ការ៉ាដែលសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៧នាក់ និងរងរបួសរាប់សិបនាក់នោះ។ កងទ័ពអាកាសរបស់ប្រទេសទួរគីបានវាយប្រហារទម្លាក់គ្រាប់បែកមកលើទីតាំងយ៉ាងហោចណាស់ ៥កន្លែងរបស់គណបក្ស PKK នៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃទី ៩ ខែមីនា ដោយអះអាងថាសម្លាប់ពួកសកម្មប្រយុទ្ធ ៦៧នាក់។

Turkey 15-03-16