ប្រភពព័ត៌មានចេញពី Reuters ចេញផ្សាយថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៦
ប្រភពព័ត៌មាន RTBF បានរាយការណ៍ថាប៉ូលីសបែលហ្សិកបានសំលាប់ក្មាន់កាំភ្លើងម្នាក់បន្ទាប់ពីមន្ត្រីប៉ូលីសជាច្រើននាក់រងរបួសក្នុងការវាយឆ្មក់នៅអាផាតមែនមួយដែលមានជាប់ទាក់ទងទៅនឹងការស៊ើបអង្កេតក្នុងការវាយប្រហារក្រុមឥស្លាមនិយមនៅទីក្រុងប៉ារីស ហើយជនសង្ស័យ ២នាក់ទៀតកំពុងស្វែងរកចាប់ខ្លួន ។ ប្រភពព័ត៌មានដដែលបាននិយាយថាបន្ទាប់ពីប៉ូលីសបង្កើនសកម្មភាពអស់រយៈពេល៥ម៉ោងនៅក្នុងតំបន់ កងកំលាំងសន្តិសុខបានអនុញ្ញាតអោយប្រជាពលរដ្ឋត្រលប់ទៅផ្ទះរបស់ពួកគេវិញ ក្រោយពីបានបញ្ជាអោយពួកគេនៅមួយកន្លែងដើម្បីសុវត្ថិភាព។ ទន្ទឹមនឹងនេះ រដ្ឋអាជ្ញាសហព័ន្ធបែលហ្សិកបាននិយាយថាជនសង្ស័យម្នាក់ ឬច្រើននាក់ បានលាក់ខ្លូននៅក្នុងផ្ទះល្វែងមួយ បន្ទាប់ពីបានបាញ់ប្រហារទៅកាន់ប៉ូលីសដែលកំពុងតាមចាប់ខ្លូនពួកគេ បណ្តាលអោយប៉ូលីស ៤នាក់រងរបួស។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំង លោក Bernard Cazeneuve និយាយថាប៉ូលិសបារាំងក៏បានចូលរួមនៅក្នុងការវាយឆ្មក់ក្នុងរដ្ឋធានីប៊ែលហ្សិកផងដែរ ខណៈដែលនៅតាមដងផ្លូវ នៅជុំវិញផ្ទះនៅភាគខាងត្បូងទីក្រុងហ្វ័ររ៉េស ត្រូវបានឡោមព័ន្ធដោយប៉ូលីស។