ជនស៊ីវិល ៤១នាក់ស្លាប់ និង ៧៥នាក់រងរបួសក្នុងការវាយប្រហារតាមអាកាសរបស់ក្រុមចម្រុះមកលើទីផ្សារប្រទេសយេម៉ែន

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៦

ការវាយប្រហារតាមអាកាសរបស់ក្រុមចម្រុះដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតមកលើផ្សារមួយកន្លែងក្នុងខេត្ត Haja ប្រទេសយេមែនកាលពីថ្ងៃអង្គារបានសម្លាប់ជនស៊ីវិល ៤១នាក់ និង ៧៥នាក់ផ្សេងទៀតរងរបួសនេះបើយោងតាមមន្ត្រីសុខាភិបាលជាន់ខ្ពស់ម្នាក់។ នាយកនៃនាយកដ្ឋានសុខភាពខេត្ត Haja លោកបណ្ឌិត Ayman Madkour បានប្រាប់សារព័ត៌មាន Reuters ថាការវាយប្រហារតាមអាកាសចំនួន ៣លើកបានវាយប្រហារមកលើផ្សារមួយកន្លែងក្នុងស្រុក Mustaba។ មានរបាយការណ៍មួយចំនួនផ្សេងទៀតទាក់ទងនឹងចំនួនអ្នកស្លាប់ពីការវាយប្រហារនេះ យោងតាមសារព័ត៌មាន​ Saba Net គ្រប់គ្រងដោយក្រុម Houthi និយាយថាមានមនុស្សចំនួន ៦៥នាក់ស្លាប់និង ៥៥នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារតាមអាកាសនេះ។ សារព័ត៌មាន Reuters បានរាយការណ៍ថាគ្រូពេទ្យគ្មានព្រំដែន (អង្គការ MSF) និយាយកាលពីថ្ងៃអង្គារថាមនុស្សជាង ៤០នាក់ដែលពួកគេទាំងអស់ជាជនស៊ីវិលរួមទាំងកុមារអាយុ ៨ឆ្នាំម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ Abs បន្ទាប់ពីរងរបួសក្នុងការវាយប្រហារនេះ។ គួរបញ្ជាក់ផងដែរថាទាំងក្រុមចម្រុះដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតនិងកងកម្លាំង Houthi មិនបានធ្វើការឆ្លើយតបទៅនឹងបញ្ហានេះនៅឡើយទេ។ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមនិកាយស៊ីអ៊ីត Houthi ដែលចងសម្ព័ន្ធភាពជាមួយប្រទេសអ៊ីរ៉ង់។ ក្រុមចម្រុះនេះបានផ្ដល់នូវការផ្គត់ផ្គង់តាមអាកាសដល់កងកម្លាំងរដ្ឋាភិបាលយេម៉ែនក្នុងការប្រយុទ្ឋប្រឆាំងជាមួយក្រុម Houthi នៅក្នុងតំបន់ជាច្រើននៃប្រទេសនេះ។

Arab 16-03-16