ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៦
រដ្ឋមន្រ្តីការបរទេសអាមរិក លោក ចន ឃឺរី ប្រកាសថាអំពើហិង្សាដោយក្រុមរដ្ឋអ៊ីស្លាមប្រឆាំងនឹងជនជាតិភាគតិចផ្សេងៗ គឺជាអំពើប្រល័យពូជសាសន៍ ហើយសហរដ្ឋអាមេរិកនឹងធ្វើអ្វីគ្រប់យ៉ាងដែលខ្លួនអាចធ្វើទៅបានដើម្បីអោយក្រុមសកម្មប្រយុទ្ធនេះទទួលខុសត្រូវ។ លោក ចន ឃឺរី បានអោយដឹងក្នុងសេចក្តីថ្លៃងការណ៍មួយថាការវិនិច្ឆ័យរបស់លោក ក្រុមរដ្ឋអ៊ីស្លាមគឺជាអ្នកទទួលខុសត្រូវចំពោះអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងក្រុមជនជាតិភាគតិចជាច្រើននៅក្នុងតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនរួមទាំងក្រុមយ៉ាហ្សីឌីស ក្រុមអ្នកកាន់សាសនាគ្រីស្ទ និងក្រុមស៊ីអ៊ីតមូស្លីម។ ដោយនិយាយអំពីកិច្ចប្រឹងប្រែងរបស់ក្រុមចំរុះចុងក្រោយដើម្បីកម្ចាត់ក្រុមរដ្ឋអ៊ីស្លាម។ លោកចន ឃឺរី និយាយថាកងកម្លាំងចម្រុះបានត្រៀមខ្លួនសម្រាប់កិច្ចខិតខំប្រឹងប្រែងនាពេលអនាគតដើម្បីរំដោះទឹកដីដែលកាន់កាប់ដោយក្រុមរដ្ឋអ៊ីស្លាមជាមួយនឹងការការពារសហគមន៍ជនជាតិភាគតិច។