ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៦
ប៉ូលីសប្រទេសបែលហ្ស៊ិកបានអោយដឹងថាជនបំផ្ទុះគ្រាប់បែកអត្តឃាតដែលថតជាប់ក្នុងកាមេរ៉ាវីដេអូសុវត្ថិភាព CCTV នៅព្រលានយន្តហោះទីក្រុងព្រុសសែលគឺជាបងប្អូនគ្នា ក្នុងនោះមានលោក Khalid និង Brahim El Bakouri ដែលអ្នកទាំង២ ជាប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងនេះ ហើយក៏មានទំនាក់ទំនងជាមួយនឹងជនសង្ស័យដែលវាយប្រហារនៅទីក្រុងប៉ារីស Salah Abdeslam ផងដែរ។ បងប្អូនទាំង ២នាក់នេះ និងជនសង្ស័យម្នាក់ទៀតដែលជឿថាមានឈ្មោះ Najim Laachraoui អាយុ ២៥ឆ្នាំត្រូវបានថតជាប់ដោយកាមេរ៉ាវីដេអូសុវត្ថិភាព CCTV មុនពេលមានការផ្ទុះកើតឡើង។ បុរសឈ្មោះ Laachraoui ត្រូវបានគេសង្ស័យថាជាអ្នកបង្កប់គ្រាប់បែក នេះបើយោងតាមកាសែត DH ប្រទេសបែលហ្ស៊ិក។ បច្ចុប្បន្នរបាយការណ៍បង្ហាញថាបុរសឈ្មោះ Brahim ជាជនបំផ្ទុះគ្រាប់បែកនៅព្រលានយន្តហោះ ខណៈដែល Khalid ជាជននៅពីក្រោយការវាយប្រហារផ្លូវក្រោមដី។ យោងតាមប្រភពផ្សព្វផ្សាយក្នុងស្រុក ផ្ទះល្វែងមួយកន្លែងដែលជួលដោយជនសង្ស័យ Kalid El Bakroui ដោយប្រើប្រាស់ឈ្មោះក្លែងក្លាយនោះ ត្រូវបានវាយឆ្មក់ដោយប៉ូលីសកាលពីសប្តាហ៍មុន។ ការវាយឆ្មក់នេះបានរកឃើញអាវុធ និងទង់ជាតិក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS និងស្នាមម្រាមដៃរបស់ជនសង្ស័យSalah Abdeslam ដែលត្រូវបានឃុំខ្លួន ៣ថ្ងៃក្រោយមកនោះ។