ប្រភពព័ត៌មានពី Reuters ផ្សាយចេញថ្ងៃទី២៣ខែមីនា ឆ្នាំ២០១៦
នាយករដ្ឋមន្រ្តីអង់គ្លេសបានថ្កោលទោសចំពោះការវាយប្រហារនៅព្រលានយន្តហោះទីក្រុងព្រុយស៊ែល និងនៅស្ថានីយរថភ្លើងក្រោមដី ក្នុងរដ្ឋធានីនៃប្រទេសបែលហ្ស៊ិកដែលបណ្តាលអោយមនុស្សប្រមាណ ៣៤នាក់ស្លាប់ ។ លោក ដេវីត កាមឺរ៉ូន ចូលរួមរំលែកទុក្ខទៅកាន់ប្រជាជនប៊ែលហ្សិក និងបាននិយាយថាប្រទេសអង់គ្លេសនៅជាមួយពួកគេ ។ លោកបន្តថាយើងត្រូវការជំហររួមគ្នាប្រឆាំងនឹងក្រុមភេរវករ និងធ្វើឱ្យប្រាកដថាពួកគេមិនអាចឈ្នះបាន។ ចក្រភពអង់គ្លេស ប្រទេសអាល្លឺម៉ង់ ប្រទេសបារាំង និងប្រទេសហូឡង់ដែលមានការប្រុងប្រយ័ត្នចំពោះផលប៉ះពាល់ពីជម្លោះនៅក្នុងប្រទេសស៊ីរីគឺស្ថិតនៅក្នុងចំណោមរដ្ឋដែលបានប្រកាសវិធានការសន្តិសុខទាក់ទងនឹងបញ្ហានេះ។ ស្ថានីយ៍ផ្លូវរថភ្លើងសំខាន់ទាំង៣ នៅក្នុងទីក្រុងព្រុយស៊ែលបានបិទ ហើយសេវាកម្មរថភ្លើងក្រោមដីពីទីក្រុងឡុងដ៏ទៅកាន់ទីក្រុងព្រុយស៊ែលក៏ត្រូវបានផ្អាកផងដែរ ។ គួរបញ្ជាក់ថាសេវាសន្ដិសុខស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់នៅទូទាំងភាគខាងលិច តំបន់អឺរ៉ុប សំរាប់ការការពារចំពោះការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយរដ្ឋអ៊ីស្លាមដែលបានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារទីក្រុងប៉ារីសកាលពីខែវិច្ឆិកា ។