ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៦
យ៉ាងហោចណាស់មានមនុស្ស ២៩នាក់ស្លាប់ និង ៦០នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនៅកីឡាដ្ឋានភាគខាងត្បូងរដ្ឋធានីបាដាដ ប្រទេសអ៊ីរ៉ាក់ នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីសន្តិសុខ។ ការវាយប្រហារបំផ្ទុះគ្រាប់បែកនេះកើតឡើងភ្លាមៗបន្ទាប់ពីបញ្ចប់ការប្រកួតរបស់ក្រុមកីឡាបាល់ទាត់ក្នុងស្រុកនៅក្រុង Iskandariyah ដែលមានចម្ងាយ ៤០-៥០ គីឡូម៉ែត្រភាគខាងត្បូងទីក្រុងបាដាដ។ លោក Al-Asriya មេក្រុមប៉ូលីសបានប្រាប់សារព័ត៌មាន AFP ថាជនវាយប្រហារគ្រាប់បែកអត្តឃាតបានបំផ្ទុះខ្លួនឯងនៅក្នុងហ្វូងមនុស្ស ខណៈដែលពួកគេកំពុងប្រគល់ពានរង្វាន់ដល់ក្រុមដែលឈ្នះ។ យោងតាមប្រធានសន្ដិសុខនៃខេត្ត Babel ការវាយប្រហារដោយគ្រាប់បែកអត្តឃាតនេះសម្លាប់ជិវិតមនុស្ស ២៦នាក់ និងរងរបួស ៧១នាក់។ គួរបញ្ជាក់ផងដែរថាក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។