ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៦
រដ្ឋអាជ្ញាបែលហ្សិកចោទប្រកាន់បុរស ៣នាក់លើបទឧក្រិដ្ឋកម្មភេរវកម្មរួមទាំងជនសង្ស័យម្នាក់ ដែលសារព័ត៌មានក្នុងស្រុកបាននិយាយថាជាអ្នកដែលបានលេចឡើងនៅក្នុងកាមេរ៉ាសុវត្ថិភាពជាមួយអ្នកបំផ្ទុះគ្រាប់បែក ២នាក់នៅអាកាសយានដ្ឋានទីក្រុងព្រុយសែល មុនពេលពួកគេបំផ្ទុះគ្រាប់បែក។ រដ្ឋអាជ្ញានិយាយថាបុរសទី៣នេះឈ្មោះ ហ្វេខាល ស៊ី ខណៈដែលសារព័ត៌មានកំណត់អត្តសញ្ញាណបុរសនេះថាមានឈ្មោះ ហ្វេខាល ឆេសហ្វូ និងបាននិយាយថាបុរសនេះគឺជាអ្នកដែលពាក់មួក និងពាក់អាវក្រៅពណ៌ស្រាលនៅក្នុងរូបភាពនៅអាកាសយានដ្ឋានដែលបានបង្ហាញពីបុរស ៣នាក់កំពុងរុញរទេះដាក់ឥវ៉ាន់។ រដ្ឋអាជ្ញានិយាយថាបុរសនេះត្រូវគេចោទប្រកាន់ពីការចូលរូមនៅក្នុងសកម្មភាពនៃក្រុមភេរវកម្ម និងព្យាយាមអំពើឃាតកម្មភេរវកម្ម។គួរបញ្ជាក់ថាបុរស ២នាក់ទៀត ឈ្មោះ អាបូបាកា អា និង រ៉ាបា អិន ត្រូវបានចោទប្រកាន់ជាមួយសកម្មភាពភេរវកម្ម និងភាពជាសមាជិកនៃក្រុមភេរវក ហើយបុរស ឈ្មោះ រ៉ាបា អិន ត្រូវបានសង្ស័យនៅក្នុងការជាប់ពាក់ជាមួយការវាយឆ្មក់ទាក់ទងនឹងការវាយប្រហារនៅក្នុងប្រទេសបារាំងដែលអាជ្ញាធរនិយាយថាជាគំរោងវាយប្រហារមិនបានសម្រេចមួយ។