ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៦
អ្នកនាំពាក្យសម្រាប់កងទ័ពស៊ីរីនៅទីក្រុងដាម៉ាសបានឱ្យដឹងថាកងទ័ពស៊ីរីវាយដណ្តើមបានមកវិញទាំងស្រុងទីក្រុងបុរាណប៉ាលម៉ៃរ៉ា នៅភាគកណ្តាលប្រទេសស៊ីរីបន្ទាប់ពីការប្រយុទ្ធគ្នាជាច្រើនថ្ងៃប្រឆាំងនឹងក្រុមរដ្ឋអ៊ិស្លាម។ ជាមួយការសម្របសម្រួលនៃកងកម្លាំងអាកាសស៊ីរី និងរុស្ស៊ី កងទ័ព និងក្រុមអ្នកប្រយុទ្ធជាច្រើនដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនបានធ្វើអោយមានសន្តិភាព និងស្ថិរភាពក្នុងទីក្រុង ប៉ាលម៉ៃរ៉ាបន្ទាប់ពីប្រតិបត្តិការយោធាជាច្រើនដែលមានប្រសិទ្ធិភាព និងត្រឹមត្រូវ ហើយកងទ័ពស៊ីរីនឹងបន្តប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ នៅផ្នែកផ្សេងទៀតនៃប្រទេសនេះ។ យោងតាមទីភ្នាក់ងារពត៌មានស៊ីរីអារ៉ាប់ផ្លូវការបានអោយដឹងថាប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដបានហៅការទទួលជ័យជំនះនេះជាជោគជ័យប្រវត្តិសាស្រ្ត។ សូមបញ្ជាក់ថាទីក្រុងប្រវត្តិសាស្រ្តប៉ាលម៉ៃរ៉ាបានធ្លាក់ចូល ក្នុងការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមកាលពីខែឧសភា។