ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៦
សេចក្តីថ្លែងការណ៍មួយពីក្រសួងការពារជាតិប្រទេសរុស្ស៊ីឲ្យដឹងថាក្រុមសកម្មប្រយុទ្ធ Al-Nusra ក្នុងប្រទេសស៊ីរីបានទទួលពួកសកម្មប្រយុទ្ធជាង ៥០នាក់ផ្សេងទៀត និងរថយន្តចំនួន ៣គ្រឿងដែលផ្ទុកដោយគ្រឿងរំសេវឆ្លងកាត់តាមព្រំដែនទឹកដីប្រទេសទួរគី។ កងកម្លាំងជំនួយនេះបានមកដល់ទីក្រុង Anaden ដែលនៅជិតក្រុងអាឡេប៉ូ (Aleppo)។ យោងតាមរបាយការណ៍ពួកសកម្មប្រយុទ្ធ Al-Nusra កំពុងបន្តសកម្មភាពរបស់ខ្លួននៅក្នុងតំបន់ភាគខាងជើង និងខាងលិចនៃទីក្រុងអាឡេប៉ូ (Aleppo)។ ក្រុមភេរវករបានព្យាយាមធ្វើការវាយលុកមកលើកងជីវពល Kurdish នៅក្នុងតំបន់ Sheikh Maqsood ប៉ុន្តែបន្ទាប់ពីប៉ុន្មានម៉ោងក្រោយពីការប្រយុទ្ធគ្នាក្រុមនេះបានដកថយទៅកាន់ទីតាំងរបស់ខ្លួនវិញ។ គួរបញ្ជាក់ផងដែរថាតំបន់នេះទទួលរងការបាញ់ផ្លោងដោយកាំភ្លើងត្បាល់ និងកាំភ្លើងធំចំនួន ៦ដងជាមួយនឹងការបាញ់ដោយគ្រាប់កាំភ្លើងត្បាល់ជាង៣០ និងគ្រាប់រ៉ុកែតចំនួន ១៤គ្រាប់។ មជ្ឈមណ្ឌលប្រតិបត្តិការឈប់បាញ់គ្នាប្រទេសរុស្ស៊ីបាននិយាយថាយ៉ាងហោចណាស់មានជនស៊ីវិល ២នាក់ស្លាប់ និង ៦នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារនេះ។