ប្រភពព័ត៌មានពី NRT ចេញផ្សាយថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦
អាជ្ញាធរប៉ាគីស្ថានឃុំខ្លួនជនសង្ស័យជាង ៥ពាន់នាក់បន្ទាប់មកដោះលែងវិញ ដែលមនុស្សភាគច្រើនក្នុងចំណោមពួកគេ ត្រូវឃុំខ្លួនអស់រយៈពេល ពីរថ្ងៃ ចាប់តាំងពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានវាយប្រហារឧទ្យានមួយនៅភាគខាងកើតទីក្រុងឡាហ័រក្នុងពិធីបុណ្យ Easter។ រដ្ឋមន្រ្តីខេត្តភុនចាប់ និយាយថាក្រុមអ្នកស៊ើបអង្កេតបានឃុំឃាំងជនសង្ស័យ ២១៦នាក់ដើម្បីស៊ើបអង្កេតបន្ថែមទៀត។ លោក បានបន្ថែមថា យ៉ាងហោចណាស់ការវាយឆ្មក់ ១៦០ដងត្រូវធ្វើឡើងដោយភ្នាក់ងារប៉ូលីសទីភ្នាក់ងារប្រឆាំងអំពើភេរវកម្ម និងចារកម្ម។ ការវាយឆ្មក់នេះ មានគោលបំណងកំណត់គោលដៅលើជនសង្ស័យក្រុមជ្រុលនិយមអ៊ីស្លាម ខណៈដែលក្រុមតាលីបង់អះអាងទទួលខុសត្រូវចំពោះការវាយប្រហារដែលបានបង្កការគំរាមកំហែងថ្មីក្នុងប្រទេសប៉ាគីស្ថាន។ ការបំផ្ទុះគ្រាប់បែកនេះសំលាប់មនុស្សយ៉ាងហោចណាស់ ៧២នាក់ដែលជាការវាយប្រហារសម្លាប់មនុស្សច្រើនបំផុតគិតចាប់តាំងពីការសម្លាប់រង្គាលនៅសាលារៀនមួយក្នុងឆ្នាំ ២០១៤ ដែលបានអះអាងដោយក្រុមតាលីបង់ថាបានសម្លាប់សិស្សសាលា ១៣៤នាក់។