ប៉ូលីស ៧នាក់ស្លាប់ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងប្រទេសទួរគី

0

ប្រភពព័ត៌មានពី​ CNN ចេញផ្សាយថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៦

មន្រ្តីប៉ូលីស ៧នាក់ស្លាប់ និងមនុស្ស ២៧នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយគ្រឿងនៅជិតស្ថានីយរថយន្តក្រុងមួយកន្លែងភាគអាគ្នេយ៍ប្រទេសទួរគី។ នេះជាការវាយប្រហារបំផ្ទុះគ្រាប់បែកចុងក្រោយក្នុងប្រទេសនេះ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Anadolu ឲ្យដឹងថាគ្រាប់បែកបានផ្ទុះខណៈដែលរថយន្តប៉ូលីសធ្វើដំណើរឆ្លងកាត់ស្រុក Baglar នៃរដ្ឋ Diyarbakir ដែលមានចម្ងាយប្រហែលជា ១៧០គីឡូម៉ែត្រ (១០០ម៉ាយ) ពីព្រំដែនប្រទេសស៊ីរី។ ការិយាល័យព្រះរាជអាជ្ញានិយាយថាគ្រាប់បែកត្រូវបានដាក់បង្កប់នៅក្នុងរថយន្តដែលចតចោលមួយគ្រឿង និងផ្ទុះឡើងនៅពេលដែលរថយន្តប៉ូលីសធ្វើដំណើរឆ្លងកាត់។ ការផ្ទុះនេះបានបំផ្លាញរថយន្តជាច្រើនគ្រឿងព្រមទាំងស្ថានីយរថយន្ដក្រុង និងអគារផ្សេងៗទៀតនៅក្នុងតំបន់។ ជនរងរបួសរួមមានជនស៊ីវិលចំនួន ១៤នាក់ និងប៉ូលិសចំនួន ១៣នាក់ដោយជនរងរបួសម្នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ គួរបញ្ជាក់ផងដែរថាមិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។

Bomb 01-04-16