ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៦
ក្រុមអ្នកជួយសង្គ្រោះរាប់រយនាក់បានព្យាយាមកាយគំនរថ្មដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតដែលជាប់នៅក្រោមស្ពានដែលបាក់នៅក្នុង Kolkata ប្រទេសឥណ្ឌា។ អាជ្ញាធរនិយាយថាយ៉ាងហោចណាស់មានមនុស្ស ២២នាក់ស្លាប់បន្ទាប់ពីផ្នែកមួយនៃស្ពានដែលកំពុងសាងសង់បាក់ធ្លាក់ទៅលើផ្លូវ Girish Park កាលពីថ្ងៃព្រហស្បតិ៍។ ស្ពានអាកាស Vivekananda ដែលមានកំពស់ប្រមាណ ១០០ម៉ែត្រ (ប្រហែល ៣២៨ហ្វីត) បាក់ធ្លាក់សង្កត់លើអ្នកថ្មើរជើង និងរថយន្តជាច្រើនដែលកំពុងធ្វើដំណើរលើផ្លូវដ៏មមារញឹកនេះ។ លោក Maj Gen. Anurag Gupta អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិប្រទេសឥណ្ឌាបានឱ្យដឹងថាយើងមិនទាន់ដឹងថាតើត្រូវចំណាយពេលវេលាយូប៉ុណ្ណាក្នុងការខិតខំប្រឹងប្រែងរុករកជនរងគ្រោះ ឬចំនួនមនុស្សស្លាប់ពិតប្រាកដនោះទេ។ លោកនិយាយថាយើងមិនអាចទស្សន៍ទាយថាតើមានមនុស្សប៉ុន្មាននាក់ស្ថិតនៅក្រោមគំនរបាក់បែក យើងមិនទាន់អាចនិយាយបានទេព្រោះវាជាស្ពានមិនមែនជាអគារនោះទេ។ លោកបន្តថាយ៉ាងហោចណាស់មានមនុស្ស ៧៥នាក់រងរបួសក្នុងឧប្បត្តិហេតុនេះ។