ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០១៦
ពួកសកម្មប្រយុទ្ធក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS រាយការណ៍ថាបានប្រើប្រាស់ឧស្ម័នពុលក្នុងការវាយប្រហារមកលើមូលដ្ឋានយោធាអាកាសរបស់ប្រទេសស៊ីរីមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងក្រុង Deir EZ-Zor ដែលជាទីក្រុងធំបំផុតស្ថិតនៅភាគខាងកើតនៃប្រទេសនេះ។ តំណាងក្រុមឃើដក្នុងសភាប្រទេសបានចោទប្រកាន់ប្រទេសទួរគីពីបទផ្គត់ផ្គង់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម និងក្រុមជីហាដផ្សេងទៀតនៅក្នុងប្រទេសស៊ីរីជាមួយអាវុធគីមីដើម្បីប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលប្រទេសស៊ីរី។ ក្នុងបទសម្ភាសជាមួយសារព័ត៌មាន RT អ្នកនាំពាក្យកងជីវពល YPG ឃើដ និយាយថាប្រទេសទួរគីបានផ្តល់ច្រកឆ្លងកាត់សម្រាប់អាវុធគីមីដែលប្រើប្រាស់ប្រឆាំងនឹងពួកគេនៅជិតទីក្រុងអាឡេបប៉ូ (Aleppo) កាលពីដើមខែមីនា។ កាលពីដើមខែមីនា សារព័ត៌មាន Reuters បានដកស្រង់សំដីរបស់អភិបាលប្រទេសអ៊ីរ៉ាក់ Najmuddin Kareem ដែលនិយាយថាពួកយុទ្ធជនរដ្ឋអ៊ីស្លាម IS បានប្រើសារធាតុពុលក្នុងអំឡុងពេលការបាញ់ផ្លោងមកលើភូមិ Taza ដែលមានទីតាំងស្ថិតនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ មានមនុស្សជាង ៤០នាក់ទទួលរងការឈ្លក់ និងរលាកស្បែកបន្ទាប់ពីការបាញ់ផ្លោងកាំភ្លើងធំ និងគ្រាប់រ៉ូកែត Katyusha ដែលមានផ្ទុកសារធាតុពុលនោះ។ លើសពីនេះទៀតកាលពីខែកុម្ភៈអង្គការហាមឃាត់អាវុធគីមី (OPCW) បានបញ្ជាក់ពីរបាយការណ៍មួយដែលក្រុម IS បានប្រើប្រាស់អាវុធគីមីប្រឆាំងនឹងកងកម្លាំងឃើដនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ ២០១៥។