អូស្ដ្រាលី​​គ្រោង​​ដកហូត​​សញ្ជាតិ​​ប្រជាជន​ខ្លួន​​ជាង​១០០​នាក់​​ទៅ​ចុះចូល​​ជាមួយ​​ក្រុម​ IS

0

​ជនជាតិ​អូស្ដ្រាលី​ជាង​១០០​នាក់​កំពុង​ចូលរួម​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម ប្រយុទ្ធ​នៅ​តំបន់​មជ្ឈិមបូព៌ា អាច​ជា​ប្រជាជន​អូស្ដ្រាលី​លើកដំបូង ដែល​ត្រូវ​លុបចោល​លិខិតឆ្លងដែន​របស់​ពួកគេ​មិនឲ្យ​ប្រើប្រាស់​បានឡើយ ស្ថិតក្រោម​ច្បាប់​អនុម័ត​ដោយ​រដ្ឋាភិបាល​កាលពី​ឆ្នាំមុន​។​មិនតែប៉ុណ្ណោះ ប្រជាជន​អូស្ដ្រាលី​ទាំងនោះ​ក៏​ត្រូវ​ប្រឈម​ការដកហូត​សញ្ជាតិ​អូស្ដ្រាលី​បន្ថែមទៀត បើ​រកឃើញ​ថា​បាន​រួម​ដៃ​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ពិតប្រាកដ​មែន​។

​លោក​រដ្ឋមន្ដ្រី​ក្រសួង​អន្ដោប្រវេសន៍​អូស្ដ្រាលី​Peter Dutton បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​០៨​មេសា​នេះ​ថា ក្រុមប្រឹក្សាភិបាល​ធ្វើកា​រលើ​ការដកហូត​សិទ្ធិ​ជា​ពលរដ្ឋ បានបញ្ជាក់​ថា​មាន​ជនជាតិ​អូស្ដ្រាលី​១១០​នាក់ កំពុង​ប្រយុទ្ធ​នៅក្នុង​តំបន់​មជ្ឈិម​បូព៌ា ហើយ​ពួកគេ​ទាំងនោះ​នឹង​ត្រូវ​ដកហូត​សញ្ជាតិ​ប្រសិនបើ​រក​ឃើញ​ថា បាន​ចូលរួម​ជាមួយ​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម​ពិតប្រាកដ​មែន​។​
​លោក​រដ្ឋមន្ដ្រី​បាន​និយាយទៀតថា ទាំង​ការលុបចោល​លិខិតឆ្លងដែន និង​ការដកហូត​សញ្ជាតិ អូស្ដ្រាលី ត្រូវ​ធ្វើ​ទៅលើ​បុគ្គល​នី​មួយៗ​ដោយ​ប្រុងប្រយ័ត្ន​បំផុត​។​ដូច្នេះ​អ្នក​ដែល​បង្ក​ហានិភ័យ​ដល់​ប្រជាជន​អូស្ដ្រាលី អ្នក​នោះ​នឹង​ត្រូវ​ដកហូត​សញ្ជាតិ​ដំបូង​គេ ហើយ​អាច​មាន​បុគ្គល​ច្រើនជាង​១០០​នាក់​។​កងកម្លាំង​ស៊ើបអង្កេត​ពិសេស​បាន​រាយការណ៍​ថា រដ្ឋាភិបាល​អាច​លុបចោល​លិខិតឆ្លងដែន និង​ដកសិទ្ធិ​ជា​ពលរដ្ឋ​របស់​ក្រុម​ជី​ហាដ​ក្នុង​រយៈពេល​បី​ខែ​ទៀត​។​
​គួរបញ្ជាក់​ថា វិធានការ​ថ្មី​របស់​អូស្ដ្រាលី​ត្រូវបាន​ណែនាំ​ដោយ​រដ្ឋាភិបាល ហើយ​វិធានការ​ថ្មី​នេះ​ទៀតសោត ប្រជាជន​អូស្ដ្រាលី​ដែល​មាន​សញ្ជាតិ​ពី​រ ធ្វើដំណើរ​ទៅ​តំបន់​ក្ដៅគគុក​ពោរពេញ​ដោយ​ភេរវកម្ម បើ​រកឃើញ​ថា​បាន​គាំទ្រ​ក្រុម​ភេរ​វករ នោះ​ពួកគេ​នឹង​ត្រូវ​ដកហូត​សញ្ជាតិ​អូស្ដ្រាលី​។​រដ្ឋាភិបាល​ក៏​ជឿជាក់​ថា​ប្រជាជន​អូស្ដ្រាលី ទៅ​ចុះចូល​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម មាន​សញ្ជាតិ​ពី​រ​រួចទៅហើយ អ្នកខ្លះ​មាន​សញ្ជាតិ​ល៊ី​បង់ អ៊ីរ៉ាក់ អេ​ហ្ស៊ី​ប និង​អាច​មាន​អង់គ្លេស​បន្ថែមទៀត​៕​

អូស្ដ្រាលីគ្រោងដកហូតសញ្ជាតិប្រជា