(អេហ្ស៊ីប)៖ យ៉ាងហោចណាស់មនុស្ស ៧នាក់បានស្លាប់ និង១៥នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីរថពាសដែក ចំនួនពីរគ្រឿង ផ្ទុះឡើងនៅតំបន់ឧបទ្វីប Sinai ប្រទេសអេហ្ស៊ីប នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters ចេញផ្សាយនៅរសៀលថ្ងៃទី០៨ ខែមេសា។
អាជ្ញាធរប្រចាំតំបន់ បានឲ្យដឹងថា រថពាសដែកបានធ្វើដំណើរតាមផ្លូវក្នុងតំបន់ Rafah និងតំបន់ Sheikh Zuwayed ស្រាប់តែបើកកិនគ្រាប់ ដែលគេសង្ស័យថាជាគ្រាប់មីន ទើបបណ្ដាលឲ្យមនុស្ស ៧នាក់ស្លាប់ ក្នុងនោះមានទាហាន ៥នាក់ស្លាប់ និងយោធាម្នាក់ ព្រមទាំងជនស៊ីវិលម្នាក់។
ក្រោយពីកើតមានករណីនេះ ក្រុមឧទ្ទាម ISIS ក៏បានចេញមុខប្រកាសថា ករណីផ្ទុះរថពាសដែកនោះ ជាទង្វើរបស់ខ្លួន ដោយពួកគេបានបង្កប់គ្រាប់បែកជាច្រើននៅតាមផ្លូវដែលកើតមានករណីខាងលើ៕