ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៦
ប៉ូលិសនិយាយថាក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ស្លាប់កាលពីថ្ងៃពុធបន្ទាប់ពីរូបគាត់បាញ់ខ្លួនឯងដោយកាំភ្លើងដែលគាត់ប្រទះឃើញនៅក្នុងកាបូបរបស់ម្តាយរបស់គាត់។ ប៉ូលីសនិយាយថានៅម៉ោងប្រហែល ៩យប់ស្ត្រីជាម្តាយបានដើរចេញពីបន្ទប់ផ្ទះបាយមួយស្របក់ ពេលនោះកូនរបស់នាងដើរឆ្ពោះទៅកាន់កាបូបដែលទុកអាវុធ ហើយទាញចេញ និងបាញ់ខ្លួនគាត់។ ប៉ូលិសមកដល់ រកឃើញថាក្មេងប្រុសនេះមានរបួសដោយសារគ្រាប់កាំភ្លើងដោយខ្លួនឯងរហូតដល់ស្មា។ កុមារនេះត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យកុមារ Riley ក្នុងស្ថានភាពធ្ងន់ធ្ងរហើយក្រោយមកគាត់ក៏ស្លាប់។ នាយកដ្ឋានប៉ូលិសរដ្ឋធានី Indianapolis និយាយនៅក្នុងសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍នេះថា “ម្តាយដ៏សោកសៅនេះបានសហការជាមួយប៉ូលិស ហើយបន្ទាប់ពីប៉ូលិសចោទសួរទៅនាង ក្រោយមកទៀតនាងត្រូវបានដោះលែងត្រឡប់ទៅវិញ”។ ប៉ូលិសកំពុងជម្រុញឱ្យម្ចាស់កាំភ្លើងទុកដាក់អាវុធរបស់ខ្លួនឲ្យមានសុវត្ថភាព នៅពេលណាដែលមានកុមារនៅក្បែរ។ នាយកដ្ឋានប៉ូលិសរដ្ឋធានី Indianapolis ស្នើឲ្យរក្សាកាំភ្លើងដោយយកគ្រាប់ចេញឬក៏ចាក់សោហើយទុកឲ្យផុតពីកុមារ រក្សាទុកគ្រាប់រំសេវ និងកាំភ្លើងនៅក្នុងទីតាំងដាច់ពីគ្នា រក្សាទុកកូនសោសម្រាប់ចាក់ទុកកាំភ្លើង និងគ្រាប់រំសេវដាច់ដោយឡែកពីកូនសោផ្ទះ និងទុកឲ្យផុតពីកុមារ។