លោកអូបាម៉ាជួបជាមួយមេដឹកនាំបណ្តាប្រទេសសម្ព័ន្ធមិត្តឈូងសមុទ្រ

0

ប្រភពព័ត៌មានពី NHK ចេញផ្សាយថ្ងៃទី ២១ខែមេសា ឆ្នាំ២០១៦

លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានជួបជាមួយមេដឹកនាំនៃប្រទេសអារ៉ាប់ចំនួន ៦ប្រទេស ដើម្បីពិភាក្សាសន្តិសុខក្នុងតំបន់នៅឈូងសមុទ្រពែក្ស។ កិច្ចប្រជុំកំពូលជាមួយបណ្តាប្រទេសនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រនេះ បានធ្វើឡើងនៅទីក្រុង រីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃឺរី និងរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់អាមេរិក លោក Ash Carter ក៏បានចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។ បញ្ហានៅលើរបៀបវារៈក្នុងកិច្ចប្រជុំនេះរួមមាន យុទ្ធនាការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម និងបញ្ឈប់អរិភាពនៅប្រទេសស៊ីរី និងប្រទេសយេម៉ែន។ គួរបញ្ជាក់ថាទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសមូស្លីមនិកាយស៊ុននី រួមទាំងប្រទេសអារ៉ាប៊ីសាអូឌីត បានក្លាយជាភាពតានតឹងចាប់តាំងពីអាមេរិកបានឈានដល់កិច្ចព្រមព្រៀងមួយជាមួយប្រទេសអ៊ីរ៉ង់ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេរ៉ង់។ ជាក់ស្តែងលោកអូបាម៉ាសង្ឃឹមថាអាចប្រើប្រាស់កិច្ចប្រជុំកំពូលនេះដើម្បីកែលម្អទំនាក់ទំនងជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកដោយរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកដល់ការការពារសន្ដិសុខ និងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។

Arab 22-04-16