កងកម្លាំងឃើដវាយដណ្តើមយកពន្ធនាគារ និងចាប់ខ្លួនយុទ្ធជនគាំទ្ររដ្ឋាភិបាលស៊ីរីចំនួន ៥០នាក់នៅ Qamishli

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៦

យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយយុទ្ធជនគាំទ្ររដ្ឋាភិបាលស៊ីរីយ៉ាងហោចណាស់ ៥០នាក់ត្រូវចាប់ខ្លួនដោយកងកម្លាំងឃើដនៅក្រុង Qamishli ក្នុងខេត្ត Hasakah ដែលគ្រប់គ្រងដោយកងកម្លាំងឃើដ។ ការប្រយុទ្ធគ្នារវាងកងកម្លាំងទាំង២ នៅក្រុងភាគឦសានប្រទេសស៊ីរីកាន់តែខ្លាំងឡើងកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីមន្រ្តីប៉ូលីសឃើដដែលមានឈ្មោះ Asayish វាយយកគុក Allya ជាកន្លែងដែលកងកម្លាំងគាំទ្ររដ្ឋាភិបាលដទៃទៀតលាក់ខ្លួន។ ទីភ្នាក់ងារសារព័ត៌មានឃើដ Firat បានរាយការណ៍ថាទាហាន ៦៧នាក់សុខចិត្តចុះចាញ់ តែសារព័ត៌មាន AFP បានដាក់តួលេខទាហានដែលចុះចាញ់ ៥០នាក់។ ទាហានកងទ័ពស៊ីរីយល់ព្រមប្រគល់ខ្លួនទៅឱ្យកងកម្លាំងឃើដដែលឡោមព័ទ្ធទីស្នាក់ការចារកម្មយោធា និងអគារការិយាល័យផ្សេងទៀតដែលកាន់កាប់ដោយកងកម្លាំងគាំទ្ររដ្ឋាភិបាលនោះ។ ទន្ទឹមនឹងនេះប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថាកងទ័ពស៊ីរីបានបាញ់ផ្លោងពីទីក្រុងដោយកាំភ្លើងត្បាល់។ Barzan ISO មេដឹកនាំកងកម្លាំងឃើដ និងជាអ្នកនិពន្ធនៅក្នុងតំបន់ប្រាប់សារព័ត៌មាន RT ថាការបាញ់គ្រាប់កាំភ្លើងត្បាល់គឺកំណត់គោលដៅចម្បងមកលើតំបន់នៅជុំវិញគុក Allya។ Iso បន្តអះអាងថាយ៉ាងហោចណាស់មានជនស៊ីវិល ១០នាក់ស្លាប់ក្នុងការវាយប្រហារដោយគ្រាប់កាំភ្លើងត្បាល់នេះ។

Krud 22-04-16