លោកអូបាម៉ានិយាយថាប្រទេសកូរ៉េខាងជើងនៅតែបន្តឥរិយាបទបង្កហេតុ

0

ប្រភពព័ត៌មានពី NHK ចេញផ្សាយថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៦

ប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានថ្កោលទោសការសាកល្បងគ្រាប់មីស៊ីលផ្លោងបាញ់នាវាមុជទឹករបស់កូរ៉េខាងជើង។ លោកអូបាម៉ាបាននិយាយទៅបន្ទាប់ពីកិច្ចចរចាជាមួយលោកស្រី អែនជែលឡា មឺកែល នៅក្នុងទីក្រុង ហានអូវើ ប្រទេសអាឡឺម៉ង់ថា ដរាបណាអាជ្ញាធរអាមេរិកនៅតែបន្តវិភាគឥរិយាបទរបស់កូរ៉េខាងជើង វាពិតជាច្បាស់ណាស់ថាក្រុងព្យុងយ៉ាងនៅតែបន្តឥរិយាបទបង្កហេតុ ហើយត្រូវតាមដានកម្មវិធីនុយក្លេអ៊ែរយ៉ាងសកម្ម។ លោកបាននិយាយថាបើទោះបីជាពួកគេបរាជ័យក្នុងការសាកល្បងនុយក្លេអ៊ែរជាច្រើនដង តែពួកគេទទួលបានចំណេះដឹងរាល់ពេលដែលពួកគេបានការសាកល្បងបែបនេះ ហើយលោកបន្តថាសហរដ្ឋអាមេរិករួមជាមួយសហគមន៍អន្តរជាតិព្យាយាមដាក់កូរ៉េខាងជើងអោយនៅដាច់ដោយឡែកពីគេ និងដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសនេះ។ ដោយឡែក រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក រី យ៉ុង បាននិយាយថាប្រទេសរបស់លោកនឹងបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរទាំងអស់ប្រសិនបើសហរដ្ឋអាមេរិកផ្អាកការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួនជាមួយកូរ៉េខាងត្បូង។ ទោះជាយ៉ាងណា លោកអូបាម៉ានិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងមិនទទួលយកការសន្យាបែបនោះទេ។ លោកនិយាយថារហូតដល់កូរ៉េជើងផ្លាស់ប្តូរគោលនយោបាយរបស់ខ្លូន សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយកូរ៉េខាងត្បូង និងជប៉ុនដើម្បីពង្រឹងយន្តការការពារមីស៊ីលរបស់ខ្លួន៕

Obama 25-04-16