ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៦
យ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសនៅព្រំដែនប្រទេសទួរគី ទីក្រុង Kilis ក្នុងហេតុការណ៍វាយប្រហារដោយគ្រាប់រ៉ូកែតមកលេីទឹកដីដែលគ្រប់គ្រងដោយរដ្ឋអ៊ីស្លាមក្នុងប្រទេសស៊ីរី ២លើកកាលពីថ្ងៃអាទិត្យ។ ទីភ្នាក់ងារសារព័ត៌មាន Dogan រាយការណ៍ថានៅពេលព្រឹកគ្រាប់រ៉ូកែត Katyusha ចំនួន ២គ្រាប់បានវាយប្រហារទៅលើលំនៅដ្ឋានមួយដែលមិនមែនជាចំនុចកណ្តាលនៃទីក្រុង បណ្តាលឲ្យមនុស្ស ១៦នាក់រួមទាំងកុមារជាច្រើនរងរបួស។ គ្រាប់ផ្លោងមួយបានទម្លាយចូលទៅក្នុងដំបូលផ្ទះ ខណៈដែលគ្រាប់ផ្សេងទៀតបានបុកចំរបងសួនច្បារ។ ក្រុមមនុស្សដែលមានកំហឹងបានប្រមូលផ្តុំគ្នានៅក្នុងសង្កាត់ក្រីក្រមួយក្នុងរយៈពេលខ្លីបន្ទាប់ពីការវាយប្រហារនោះបាននាំគ្នាស្រែកថា “គ្រប់គ្រាន់ គឺ គ្រប់គ្រាន់” ហើយបានធ្វេីការស្តីបន្ទោសទៅដល់អាជ្ញាធរដែលអសមត្ថភាពក្នុងការថែរក្សាសន្តិសុខដល់ពួកគេ។ នៅទីបំផុតក្រុមប៉ូលីសកុបកម្មបានចូលទៅបំបែកហ្វូងមនុស្សទាំងអស់នោះ៕