ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៦
ក្រុងដាម៉ាស់ និងម៉ូស្កូបានចុះកិច្ចសន្យាដែលមានតម្លៃរយលានដុល្លារលើកិច្ចសន្យាសាងសង់ប្រទេសស៊ីរីឡើងវិញក្រោយពីសង្គ្រាម នេះបើយោងតាមប្រភពព័ត៌មានរបស់នាយករដ្ឋមន្រ្តី Wael al-Halqi។ ប្រទេសទាំង២ មានគោលបំណងអភិវឌ្ឍន៍ផ្នែកថាមពល ពាណិជ្ជកម្ម និងផ្នែកផ្សេងទៀតជំរុញវិស័យសេដ្ឋកិច្ច។ “ប្រទេសរុស្ស៊ីបានឆ្លើយតបទៅនឹងការស្រោចស្រង់ក្នុងប្រទេសស៊ីរីឡើងវិញ”។ មូលហេតុនេះហើយដែលកិច្ចព្រមព្រៀងជាច្រើនត្រូវបានចុះហត្ថលេខារួមមានទាំងកិច្ចសន្យាទឹកប្រាក់ ៦៧៥លានដុល្លារ និង ២៨០លានដុល្លារ ដោយយោងតាមប្រសាសន៍របស់នាយករដ្ឋមន្រ្តីស៊ីរី។ លោកនាយករដ្ឋមន្រ្តី al-Halqi បានបញ្ជាក់ថា មានស្ថានីយ៍ថាមពលច្រើនជាង ៦០ភាគរយនៅក្នុងប្រទេសស៊ីរី បានបិទ និងត្រូវការបើកឲ្យមានដំណើរការឡើងវិញ។ ក្រៅពីរឿងនេះប្រទេសស៊ីរីស្ថិតក្នុងដំណាក់កាលកប់ជ្រៅដែលវានឹងត្រូវជួសជុលតាំងពីគ្រឹះខាងក្រោមមកវិញ។ ទោះបីជាយ៉ាងណាក៏ដោយ ការផលិតថាមពលអគ្គិសនីអាស្រ័យលើសាំងឥន្ធនៈ និងផ្នែកប្រេងដែលបានរងឥទ្ធិពលពីអំពើរភេរវកម្មច្រើនជាងផ្នែកអគ្គិសនី ប្រសាសន៍របស់នាយកមន្រ្តី។ ប្រទេសស៊ីរីបានផ្តល់ឱកាសឲ្យប្រទេសរុស្ស៊ីចូលរួមក្នុងការរុករក និងអភិវឌ្ឍន៍ផ្នែកប្រេង ផ្នែកហ្គាសលើដី និងក្នុងឈូងសមុទ្រ។ ករណីពិសេសប្រទេសរុស្ស៊ីត្រូវបានអញ្ចើញចូលរួមដើម្បីផ្លាស់ប្តូររោងចក្រចម្រាញ់ប្រេង និងសាងសង់រោងចក្ររួមគ្នាជាមួយប្រទេសអ៊ីរ៉ង់ និងវិណេហ្ស៊ុយអេឡា។ ក្រុងដាម៉ាសបានពិភាក្សាពីការចំណាយរូបិយប័ណ្ណជាតិជាមួយប្រទេសរុស្ស៊ីផងដែរ។ នៅខណៈនេះ ប្រទេសស៊ីរីកំពុងចរចារឿងតំបន់ពាណិជ្ជកម្មស៊ីរីជាមួយប្រទេសរុស្ស៊ី ប្រទេស Belarus និងប្រទេស Kazakhstan ប្រសិនបើសន្ធិសញ្ញានឹងព្រមព្រៀងចុះហត្ថលេខា និងពាណិជ្ជកម្មឈានដល់កម្រិតជាក់លាក់នោះ ក្រុងដាម៉ាសនឹងទូទាត់ការចំណាយជារូបិយប័ណ្ណក្នុងស្រុក។ លោកនាយករដ្ឋមន្រ្តីបន្ថែមទៀតថាប្រទេសស៊ីរី និងប្រទេសរុស្ស៊ី មានគោលបំណងបើកធនាគារដើម្បីសម្រួលដល់ការផ្ទេរសាច់ប្រាក់រវាងប្រទេសទាំង២។ ធនាគារនេះ នឹងគ្រប់គ្រង ៥០-៥០ ដោយធនាគារកណ្តាលក្នុងប្រទេស។ ក្រៅពីវិស័យពាណិជ្ជកម្ម ស៊ីរី ក៏ចាប់អារម្មណ៍ក្នុងការលើកកម្ពស់ទំនិញរបស់ប្រទេសរុស្ស៊ីក្នុងតំបន់លោកខាងលិច។ ស៊ីរីមានអត្ថប្រយោជន៍ភូមិសាស្ត្រដែលបង្កើតឲ្យមានការអភិវឌ្ឍន៍ផ្នែកពាណិជ្ជកម្ម និងមជ្ឈមណ្ឌលឧស្សាហកម្មសម្រាប់ក្រុមហ៊ុនរបស់ស៊ីរី នាំចេញទៅប្រទេសរុស្ស៊ី ហើយគាត់បានមានប្រសាន៍ថា ទើបតែត្រីមាសទី១ នៃឆ្នាំ ២០១៦ បុណ្ណោះប្រទេសស៊ីរីបានលក់ទំនិញទៅកាន់រុស្ស៊ីបានច្រើនជាងការលក់ចេញឆ្នាំ២០១៥៕