ប្រភពព័ត៌មានពី NEWEUROPE ចេញផ្សាយថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៦
មន្ត្រីសហរដ្ឋអាមេរិកម្នាក់និយាយថាសមាជិកក្រុមឧទ្ទាម IS ស្រដៀងគ្នាជាមួយនឹងជនដែលវាយប្រហារភេរវកម្មដ៏សាហាវឃោរឃៅនៅក្នុងប្រទេសបារាំង និងបែលហ្ស៊ិកកំពុងបង្ហាញវត្តមាននៅក្នុងប្រទេសអង់គ្លេស អាល្លឺម៉ង់ និងអ៊ីតាលី។ កាលពីថ្ងៃចន្ទ អ្នកកាសែតម្នាក់បានសួរនាយកស៊ើបការណ៍សម្ងាត់ជាតិសហរដ្ឋអាមេរិកលោក James Clapper ថាតើនៅក្នុងប្រទេសអង់គ្លេស អាល្លឺម៉ង់ និងអ៊ីតាលីមានសមាជិកបង្កប់របស់ក្រុម IS ដូចជនដែលអនុវត្តការវាយប្រហារភេរវកម្មថ្មីៗនេះដែលធ្វើឱ្យមនុស្សស្លាប់រាប់រយនាក់នោះដែរឬទេ។ លោក Clapper ឆ្លើយថា “បា្រកដណាស់ពិតជាមាន”។ លោកបន្ថែមថាអាជ្ញាធរស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកកំពុងបន្តស្វែងរកភស្ដុតាងនៃគម្រោងការរបស់ក្រុម IS នៅក្នុងប្រទេសអង់គ្លេស អាល្លឺម៉ង់ និងអ៊ីតាលី។ ការអះអាងដោយលោក Clapper ថាក្រុម IS បានបញ្ជូនសមាជិកភេរវកររបស់ខ្លួនទៅក្នុងប្រទេសជាច្រើនក្នុងបណ្តាសហគមន៍អឺរ៉ុបបានបញ្ជាក់ស្របគ្នាជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់អូបាម៉ា អំពាវនាវឲ្យបណ្តាសហគមន៍អឺរ៉ុបរួមទាំងអង្គការណាតូបន្តសកម្មភាពបន្ថែមក្នុងការប្រយុទ្ធប្រឆាំងនឹងអង្គការភេរវករនេះ៕