ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៦
កងកម្លាំងយេម៉ែនដែលគាំទ្រដោយកងកម្លាំងអាកាសចម្រុះអារ៉ាប់បានរាយការណ៍ថាពួកគេបានវាយដណ្តើមមកវិញនូវកំពង់ផែប្រេង Mina Al Dhaba ដែលជាផែប្រេងដ៏ធំបំផុតប្រចាំប្រទេសពីពួកសកម្មប្រយុទ្ធអាល់កៃដា។ ខណៈដែលក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតវាយដណ្តើម Mukalla មកវិញពីក្រុមអាល់កៃដានៅឧបទ្វីបអារ៉ាប់ (AQAP) ប្រភពព័ត៌មានពី Reuters និង AFP បានបញ្ជាក់ថាកងកម្លាំងក៏បានវាយដណ្តើមយកទីក្រុង Al Shihr និងស្ថានីយប្រេងដែលធំជាងគេនៅក្នុងអាណាចក្ររត់ពន្ធប្រេងខុសច្បាប់របស់ក្រុមជីហាដ។ មុនពេលការផ្ទុះឡើងនៃសង្រ្គាមកាលពីឆ្នាំមុនប្រមាណជា ៨០ភាគរយនៃធនធានប្រេងរបស់ប្រទេសយេម៉ែនត្រូវបាននាំចេញតាមរយៈកំពង់ផែ Al Shihr នេះ។ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្តការធ្វើពាណិជ្ជកម្មប្រេងបន្ទាប់ពីការផ្ទុះឡើងនៃការប្រយុទ្ធគ្នានេះ ក្រុមដែលមានទំនាក់ទំនងនឹងក្រុមអាល់កៃដាព្យាយាមសុំការអនុញ្ញាតពីរដ្ឋាភិបាលប្រទេសយេម៉ែនក្នុងការនាំចេញប្រេងឆៅដោយខ្លួនឯង ព្រមទាំងទាមទារចំណែកនៃប្រាក់ចំណេញ។ ខណៈដែលរដ្ឋាភិបាលបានបដិសេធមិនចូលដៃជាមួយក្រុមជីហាដ សមាជិកនៃក្រុមជ្រុលនិយមបានសម្រេចចិត្តប្រើប្រាស់កំពង់ផែ និងដំណើរការពាណិជ្ជកម្មដែលផ្ដោតលើការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក៕