ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៦
សហរដ្ឋអាមេរិកចាប់ផ្ដើមដាក់ពង្រាយយន្តហោះចម្បាំង F-២២ របស់ខ្លួននៅក្នុងទ្វីបអឺរ៉ុបដែលជាការដាក់ពង្រាយន្តហោះចម្បាំងទ្រង់ទ្រាយធំក្នុងនោះមានតំបន់សមុទ្រខ្មៅដែលធ្វើឡើងក្នុងបំណងពង្រឹងការគាំទ្រផ្នែកយោធាសម្រាប់បណ្ដាសម្ព័ន្ធមិត្តណាតូនៅអឺរ៉ុបខាងកើតក្នុងពេលដែលប្រទេសទាំងនោះព្រួយបារម្ភចំពោះសកម្មភាពរបស់ប្រទេសរុស្ស៊ី។ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានសន្យាក្នុងឆ្នាំ២០១៤ ថានឹងលើកកម្ពស់ផ្នែកការពារជាតិរបស់ប្រទេសសមាជិកណាតូនៅអឺរ៉ុបខាងកើតដែលព្រួយបារម្ភក្រោយពីប្រទេសរុស្ស៊ី ភ្ជាប់ឧបទ្វីបគ្រីមៀរបស់ប្រទេសអ៊ុយក្រែនជាមួយនឹងទឹកដីរបស់ខ្លួនព្រមទាំងការប្រើប្រាស់កងកម្លាំងគាំទ្រដោយរុស្ស៊ីនៅភាគខាងកើតប្រទេសអ៊ុយក្រែន។ យន្តហោះចាក់ប្រេង KC-១៣៥ របស់សហរដ្ឋអាមេរិកចេញដំណើរពីចក្រភពអង់គ្លេសជាមួយនឹងយន្តហោះ F-២២ ឆ្ពោះទៅកាន់មូលដ្ឋានកងទ័ពអាកាសរបស់ប្រទេសរ៉ូម៉ានីនៅតំបន់សមុទ្រខ្មៅ។ មេបញ្ជាការទាហានអាមេរិកនិយាយថាកងទ័ពបានបញ្ជូនយន្តហោះចម្បាំងទៅកាន់អឺរ៉ុបខាងកើតដោយផ្ដោតទៅលើសមត្ថភាពក្នុងការបញ្ជូនយន្តហោះ F-២២ ទៅកាន់គ្រប់ទីកន្លែងដែលត្រូវការក្នុងចំណោមប្រទេសសមាជិកណាតូ ឬនៅទូទាំងទ្វីបអឺរ៉ុប៕