ប្រភពព័ត៌មានពី inquirer.net ចេញផ្សាយថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៦
កងកំលាំងប្រដាប់អាវុធហ្វីលីពីបានសំដែងការអាណិតអាសូរលើការប្រហារជីវិតចំណាប់ខ្មាំងជនជាតិកាណាដាដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនៅភាគខាងត្បូងប្រទេសហ្វីលីពីនខណៈដែលប្រតិបត្តិការយោធាកំពុងបន្តដើម្បីធានាសុវត្ថិភាពចំណាប់ខ្មាំងដែលនៅសល់។ លោក ចន រីដដែល អាយុ ៦៨ឆ្នាំ ជាអតីតនាយកប្រតិបត្តិក្រុមហ៊ុនរុករករ៉ែមួយដែលត្រូវបានចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមរួមជាមួយមនុស្សបីនាក់ផ្សេងទៀតកាលពីខែកញ្ញា ឆ្នាំ២០១៥ អំឡុងពេលថ្ងៃវិស្សមកាលរបស់ខ្លូននៅលើកោះហ្វីលីពីន។ កងទ័ពហ្វីលីពីនបាននិយាយថាក្បាលរបស់ចំណាប់ខ្មាំងត្រូវគេរកឃើញនៅលើកោះដាច់ស្រយាលមួយ បន្ទាប់ពីការផុតកំណត់នៃការលោះចំណាប់ខ្មាំងដែលបានកំណត់ដោយក្រុមសកម្មប្រយុទ្ធដែលបានគំរាមថានឹងប្រហារជីវិតម្នាក់ក្នុងចំណោមចំណាប់ខ្មាំងបួននាក់។ អ្នកនាំពាក្យកងកំលាំងប្រដាប់អាវុធ លោក ណូ អែល ដេតូយ៉ាតូ បានអានសេចក្តីថ្លែងការណ៍នៅសន្និសីទព័ត៌មានក្នុងទីក្រុងម៉ានីលថាពួកយើងសូមសំដែងការអាណិតអាសូរ និងរំលែកទុក្ខទៅកាន់រដ្ឋាភិបាលកាណាដា និងទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិរបស់លោក ចន រីដដែល ដែលស្លាប់នៅក្នុងដៃរបស់ក្រុមអ៊ីស្លាមនិយម ប៉ុន្តែពួកយើងនឹងមិនអនុញ្ញាតអោយក្រុមនេះបន្តធ្វើដូច្នេះនោះទេ ដោយបន្តបង្កើនប្រតិបត្តិការយោធា និងអនុវត្តច្បាប់ទៅក្រុមគ្មានច្បាប់មួយនេះ ព្រមទាំងទប់ស្កាត់ការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងប្រទេស៕