ប្រភពព័ត៌មានពី NKH ចេញផ្សាយថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៦
មេបញ្ជាការយោធាជាន់ខ្ពស់អាមេរិកដែលមានជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមបាននិយាយថាចំនួននៃអ្នកប្រយុទ្ធបរទេសដែលកំពុងចូលរូមក្នុងក្រុមសកម្មប្រយុទ្ធហាក់ដូចជាធ្លាក់ចុះយ៉ាងខ្លាំងជាងឆ្នាំមុន។ លោកឧត្តមសេនីយ៍ ភីតធ័រ ហ្គឺស្ទីន បានបង្ហាញការវិភាគចុងក្រោយបំផុតនៅលើក្រុមយុទ្ធជនបរទេសនៅក្នុងសន្និសីទកាសែតមួយ។ លោក ហ្គឺស្ទីន ជាមេបញ្ជាការរងសំរាប់ប្រតិបត្តិការប្រយុទ្ធដោយក្រុមចម្រុះដែលដឹកនាំដោយអាមេរិកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនេះ។ លោកនិយាយថាចំនួនដែលបានប៉ាន់ប្រមាណនៃក្រុមយុទ្ធជនបរទេសចូលទៅដល់ប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី ដើម្បីចូលរួមជាមួយក្រុមរដ្ឋអ៊ីស្លាមមានចំនួនប្រមាណជាង ២០០នាក់ក្នុងមួយខែ ពោលគឺធ្លាក់ចុះយ៉ាងខ្លាំងពី ១៥០០នាក់ ដល់ ២០០០នាក់ ដែលបានទៅដល់ទីនោះរយៈពេលមួយឆ្នាំកន្លងទៅ។ លោក ហ្គឺស្ទីន បានអោយដឹងផងដែរថាមានការកើនឡើងអ្នករត់ចោលជួរក្នុងចំណោមយុទ្ធជនទាំងអស់។ លោកបាននិយាយថាក្រុមរដ្ឋអ៊ីស្លាមខាតបង់ទឹកប្រាក់ ៣០០ ទៅ ៨០០លានដុល្លារអាមេរិកក្នុងការចំណាយលើយុទ្ធជនបរទេសដែលជាលទ្ធផលនៃការវាយប្រហារតាមអាកាសដែលដឹកនាំដោយអាមេរិក ប្រឆាំងនឹងកន្លែងស្តុកទុកប្រាក់របស់ខ្លួន៕