ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៦
ការវាយប្រហារតាមអាកាសមកលើមន្ទីរពេទ្យកុមារមួយកន្លែងក្នុងប្រទេសស៊ីរីបានសំលាប់មនុស្ស ៥០នាក់ក្រុមអង្កេតការសិទ្ធិមនុស្សក៏ដូចជាអង្គការសហប្រជាជាតិបានព្រមានថាស្ថានភាពនៅក្នុងទីក្រុងអាឡេប៉ូក្លាយទៅជា “គ្រោះមហន្តរាយ” ក្នុងការវាយប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងប៉ុន្មានថ្ងៃចុងក្រោយនេះ។ សាក្សីបានឱ្យដឹងថាមន្ទីរពេទ្យ Al Quds ស្ថិតនៅក្នុងតំបន់ដែលពួកឧទ្ទាមកាន់កាប់ក្នុងទីក្រុងអាឡេប៉ូត្រូវទទួលរងការវាយប្រហារដោយគ្រាប់មីស៊ីលពីយន្តហោះចម្បាំងមួយគ្រឿងកាលពីថ្ងៃពុធ។ ការវាយប្រហារនេះបានសំលាប់មនុស្សយ៉ាងហោចណាស់ ៥០នាក់ នេះបើយោងតាមលោក Pablo Marco ប្រធានគ្រប់គ្រងគ្រូពេទ្យគ្មានព្រំដែនប្រចាំតំបន់មជ្ឈឹបូពា៌។ លោក Marco ប្រាប់សារព័ត៌មាន CNN ថាយ៉ាងហោចណាស់ជនរងគ្រោះដែលស្លាប់ ៦នាក់ជាបុគ្គលិកមន្ទីរពេទ្យ ២នាក់ជាវេជ្ជបណ្ឌិត ២នាក់ជាគិលានុបដ្ឋាយិកា ម្នាក់ជាអ្នកយាម និងម្នាក់ទៀតជាកម្មករជួសជុល។ ចំនួនមនុស្សស្លាប់អាចនឹងត្រូវកើនឡើង។ លេខាធិការសហរដ្ឋអាមេរិកលោក John Kerry បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ និងស្តីបន្ទោសមកលើរដ្ឋាភិបាលប្រទេសស៊ីរី៕