ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៦
ប៉ូលិសរបស់ប្រទេសអ៊ីតាលីបានចាប់ខ្លួនមនុស្ស ៤នាក់ដែលសង្ស័យថាចូលរួមជាមួយនឹងក្រុមរដ្ឋអ៊ីស្លាមនៅមជ្ឈិមបូព៌ា និងមានផែនការវាយប្រហារក្នុងប្រទេសអ៊ីតាលី។ ប្រទេសអ៊ីតាលីបានបញ្ជៀសការវាយប្រហារជាច្រើនដែលរៀបចំឡើងដោយក្រុមរដ្ឋអ៊ីស្លាមដែលជាក្រុមបានវាយប្រហារភេរវកម្មក្នុងទីក្រុងប៉ារីស ប្រទេសបារាំង និងទីក្រុងប្រ៊ុយសែល ប្រទេសបែលហ្ស៊ិក ប៉ុន្តែអាជ្ញាធរអ៊ីតាលី នៅតែបន្តរឹតបន្តឹងសន្តិសុខ និងប្រុងប្រយ័ត្នខ្ពស់ដោយបានចាប់ខ្លួនជនសង្ស័យជាច្រើនក្នុងនោះមួយចំនួនសង្ស័យថាមានផែនការវាយប្រហារភេរវកម្ម។ ប៉ូលិសទទួលបានដីការចាប់ខ្លួនបុរសជនជាតិម៉ារ៉ុក ដែលមានភរិយាជនជាតិអ៊ីតាលីដែលបានគេចខ្លួនចេញពីប្រទេសអ៊ីតាលីឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី កាលពីឆ្នាំមុន។ ភ្នាក់ងារស៊ើបអង្កេតជឿថាម្នាក់ក្នុងចំណោមជនសង្ស័យទាំងនោះបានណែនាំដល់សមាជិករបស់ខ្លួនផ្សេងទៀតឲ្យធ្វើការវាយប្រហារក្នុងប្រទេសអ៊ីតាលី ពិសេសទីក្រុងរ៉ូម និងទីក្រុងមីឡាន។ គួរបញ្ជាក់ថាកាលពីខែមុនប៉ូលិសនៅភាគខាងត្បូងប្រទេសអ៊ីតាលីបានចាប់ខ្លួនបុរសអ៊ីស្លាមអាយុ ២២ឆ្នាំម្នាក់ និងជនភៀសខ្លួនម្នាក់ ដែលសង្ស័យថាមានផែនការវាយប្រហារក្នុងទីក្រុងរ៉ូម៕