ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០១៦
មន្ត្រីបាននិយាយថារថយន្តបំផ្ទុះគ្រាប់បែកមួយបានវាយប្រហារផ្លូវចូលស្ថានីយ៍ប៉ូលិសរបស់ទួរគីកាលពីថ្ងៃអាទិត្យ នៅភាគខាងត្បូងក្នុងទីក្រុង Gaziantep សម្លាប់ប៉ូលីសម្នាក់ និងរងរបួស ១៣នាក់។ រដ្ឋាភិបាលរបស់លោក Ali Yerlikaya នៃខេត្ត Gaziantep និយាយថាក្នុងការផ្ទុះនោះយ៉ាងហោចណាស់មានមន្ត្រីប៉ូលិស ៩នាក់រងរបួស។ ទីក្រុងនេះស្ថិតនៅជិតព្រំដែនជាមួយប្រទេសស៊ីរី។ របាយការណ៍ឲ្យដឹងថាស្នូរកាំភ្លើងបានបន្លឺឡើងបន្ទាប់ពីការផ្ទុះនេះ។ ទូរទស្សន៍ឯកជន NTV រាយការណ៍ថារថយន្តសង្គ្រោះជាច្រើនបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។ ទួរគីជាប្រទេសដែលកំពុងប្រឈមនឹងការកើនឡើងនៃលទ្ធផលមិនល្អពីជម្លោះនៅក្នុងប្រទេសស៊ីរី និងជម្លោះថ្មីជាមួយក្រុមសកម្មប្រយុទ្ធឃើដ ដែលគេមើលឃើញថាមានការកើនឡើងនៃការវាយប្រហារបែបនេះជាថ្មីទៀត។ ក្នុងឆ្នាំកន្លងទៅ មនុស្សជាង ២០០នាក់នៅទូទាំងប្រទេសត្រូវបានគេសម្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកជាលក្ខណៈទ្រង់ទ្រាយធំៗចំនួន ៦លើក។ សប្តាហ៍នេះអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះខ្លួនឯងនៅក្នុងទីក្រុង Bursa ភាគពាយ័ព្យប្រទេសទួរគីដែលនៅក្នុងការវាយប្រហារនេះបានបញ្ចប់ជីវិតជនបំផ្ទុះ និងមានអ្នករងរបួសចំនួន ១៣នាក់ផ្សេងទៀត។ ទីភ្នាក់ងារសាព័ត៌មានរបស់រដ្ឋ Anadolu បានរាយការណ៍ថានៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយទៀតកាលពីថ្ងៃអាទិត្យ មានមនុស្ស ៤នាក់បានរងរបួស បន្ទាប់ពីគ្រាប់រ៉ូកែត ២គ្រាប់វាយប្រហារនៅកន្លែងចតរថយន្ត និងសួនច្បារក្នុងផ្ទះមួយនៃទីក្រុង Kilis ជាទីក្រុងមួយផ្សេងទៀតនៅជិតព្រំដែនស៊ីរី៕