ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៦
កងទ័ពរដ្ឋាភិបាលទួរគី និយាយថាការបាញ់ផ្លោងកាំភ្លើងត្បាល់របស់ទាហានទួរគី និងការវាយប្រហារពីសំណាក់យន្តហោះគ្មានមនុស្ស ទៅលើទីតាំងរបស់ក្រុមរដ្ឋអ៊ីស្លាមនៅភាគខាងត្បូងប្រទេសទួរគី សម្លាប់សមាជិកក្រុមជីវពលរដ្ឋអ៊ីស្លាម ៣៤នាក់។ ប្រភពពីកងទ័ពរដ្ឋាភិបាលឲ្យដឹងថាការបាញ់ផ្លោងទាំងនោះគឺជាការឆ្លើយតបទៅនឹងការបាញ់រ៉ូកែតរបស់ក្រុមរដ្ឋឥស្លាមទៅលើទីក្រុងគីលីសនៃខេត្តភាគខាងត្បូងប្រទេសទួរគី ហើយប្រតិបត្តិការរបស់ទាហានទួរគីបានបំផ្លាញរថយន្តរបស់ក្រុមរដ្ឋឥស្លាម ៦គ្រឿង និងទីតាំងរក្សាអាវុធជាច្រើន។ ទីក្រុងកាលីសរបស់ប្រទេសទួរគីស្ថិតនៅក្បែរព្រំដែនជាមួយប្រទេសស៊ីរីទទួលរងការវាយប្រហារដោយរ៉ូកែតពីសំណាក់ក្រុមរដ្ឋអ៊ីស្លាមក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ សម្លាប់ជនស៊ីវិលជាច្រើនាក់។ ប្រទេសទួរគីបានឆ្លើយតបដោយបាញ់តបតទៅរកទីតាំងក្រុមជីវពល ប៉ុន្តែទាមទារការគាំទ្រពីសម្ព័ន្ធមិត្តបច្ចិមប្រទេសដោយបញ្ជាក់ថាទួរគីជួបនឹងការលំបាកក្នុងការវាយប្រហារគោលដៅដែលចល័ត។ រដ្ឋមន្ត្រីការបរទេសទួរគីនិយាយថាសហរដ្ឋអាមេរិកនឹងដាក់ពង្រាយប្រព័ន្ធបាញ់រ៉ុកែតនៅតាមបណ្ដោយព្រំដែនដែលទទួលរងការវាយប្រហារពីក្រុមរដ្ឋឥស្លាម។ ចំណែកមន្ត្រីជាន់ខ្ពស់យោធាអាមេរិកបញ្ជាក់ថាសេចក្ដីសម្រេចកំពុងស្ថិតក្រោមការពិភាក្សា៕