ប្រភពព័ត៌មានពី ejinsight ចេញផ្សាយថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១៦
ការវាយប្រហារតាមផ្លូវអាកាសលើជំរុំជនភៀសខ្លួនស៊ីរីមួយកន្លែងនៅក្បែរព្រំដែនទួរគីកាលពីថ្ងៃព្រហស្បតិ៍បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៨នាក់ នេះបើយោងតាមក្រុមអ្នកឃ្លាំមើល។ សារព័ត៌មាន Reuters បានដកស្រង់សម្តីរបស់អ្នកអង្កេតការណ៍សិទ្ធិមនុស្សស៊ីរីបាននិយាយថាអ្នកស្លាប់រួមមានទាំងស្ត្រី និងកុមារ ហើយចំនួនអ្នករងគ្រោះនេះអាចកើនឡើងបន្ថែមទៀតនៅជំរុំក្បែរទីក្រុងនៃ Sarmada នេះ។ គេបានដកស្រង់សម្តីរបស់លោក Abu Ibrahim al-Sarmadi សកម្មជនមួយរូបមកពីទីក្រុងក្បែរ Atmeh ដែលបាននិយាយទៅកាន់មនុស្សនៅជិតជំរុំនោះថា “មានការវាយប្រហារពីលើអាកាសចំនួន ២ដងដែលបានវាយចំជំរុំបណ្តោះអាសន្ននេះសម្រាប់ជនភៀសខ្លួនដែលបានភៀសខ្លួនពីការប្រយុទ្ធគ្នានៅភាគខាងត្បូងអាល្លីប៉ូ (Aleppo) និងប៉ាលម៉ៃរ៉ា (Palmyra)”។ លោក Nidal Abdul Qader ជាមន្រ្តីប្រឆាំងជំនួយជនស៊ីវិលមួយរូបដែលរស់នៅប្រមាណ ១គីឡូម៉ែត្រពីជំរុំនេះបាននិយាយថាតង់ប្រហែល៥០ និងសាលារៀនមួយឆេះខ្ទិចខ្ទី។ សកម្មជនជឿថាការវាយប្រហារតាមផ្លូវអាកាសនេះបានធ្វើឡើងដោយកងទ័ពស៊ីរីដែលប្រយុទ្ធប្រឆាំងនឹងកងកម្លាំងឧទ្ទាមនៅក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសនេះ។ មន្ទីបញ្ចកោនបានថ្លែងថាអ្នករងគ្រោះជាជនស៊ីវិលស្លូតត្រង់ដែលរត់គេចខ្លួនពីផ្ទះរបស់ពួកគេដើម្បីគេចផុតពីអំពើហិង្សា។ អ្នកនាំពាក្យ លោក Josh Earnest បាននិយាយថា “បុគ្គលទាំងនេះស្ថិតក្នុងស្ថានភាពដែលអស់សង្ឃឹមបំផុតដែលយើងអាចស្រមើស្រមៃឃើញ និងគ្មានយុត្តិកម្មសម្រាប់អនុវត្តទៅលើសកម្មភាពយោធាដែលបានផ្ដោតសំដៅទៅលើពួកគេទេ”។ ការប្រយុទ្ធគ្នាបាននៅតែបន្តក្បែរនោះ ហើយលោកប្រធានាធិបតី Bashar al-Assad បានមានប្រសាសន៍ថាលោកនៅតែស្វែងរកជ័យជំនៈលើពួកឧទ្ទាម៕