ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៦
ជីវពលរដ្ឋអ៊ីស្លាមបានបើកការវាយប្រហារទៅលើតំបន់ស្ថិតនៅចម្លោះរវាងមូលដ្ឋានរបស់ក្រុមនេះក្នុងទីក្រុងសឺតេ និងទីក្រុងមីស្រាតា សម្លាប់មនុស្ស ៥នាក់ព្រមទាំងអះអាងថាពួកគេបានគ្រប់គ្រងភូមិជាច្រើនក្នុងតំបន់ ក្រោយការវាយប្រហារទៅលើចំណុចឆែកឆេរជាច្រើនកន្លែង។ ចាប់តាំងពីឆ្នាំមុនក្រុមរដ្ឋអ៊ីស្លាមកំពុងឆ្លៀងឱកាសក្នុងពេលមានស្ថានភាពចលាចលក្នុងប្រទេសលីប៊ី ដើម្បីបង្កើតទីតាំងរបស់ខ្លួនក្នុងទីក្រុងសឺតេ ដោយបានត្រួតត្រាផ្នែកខ្លះនៃតំបន់ឆ្នេរសមុទ្រជុំវិញទីក្រុងនេះ។ បច្ចឹមប្រទេសសង្ឃឹមថារដ្ឋាភិបាលលីប៊ី ដែលគាំទ្រដោយអង្គការសហប្រជាជាតិនឹងអាចបង្រួបបង្រួមក្រុមប្រដាប់អាវុធនានាក្នុងប្រទេសនេះដើម្បីទប់ទល់នឹងក្រុមរដ្ឋអ៊ីស្លាម ប៉ុន្តែកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតត្រូវពឹងផ្អែកផងដែរទៅលើសម្ព័ន្ធភាពដែលគាំទ្ររដ្ឋាភិបាលមួយផ្សេងទៀតនៅក្នុងប្រទេសនេះ មានមូលដ្ឋាននៅភាគខាងកើតប្រទេស។ អ្នកនាំពាក្យមន្ទីរពេទ្យទីក្រុងមីស្រាតា និយាយថាសមាជិកកងកម្លាំងសន្តិសុខក្នុងតំបន់ ៣នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារទៅលើចំណុចឆែកឆេរភាគខាងលិចទីក្រុងសឺតេបណ្ដាលឲ្យមនុស្សយ៉ាងតិច ៤០នាក់រងរបួស។ ក្រុមរដ្ឋអ៊ីស្លាមក៏បានបើកការវាយប្រហារផងដែរទៅលើតំបន់ភាគខាងត្បូងទីក្រុងសឺតេ ហើយក្រុមរដ្ឋអ៊ីស្លាមប្រកាសថាពួកគេបានដណ្ដើមយកភូមិជាច្រើនរួមទាំងទីប្រជុំជនអាប៊ូហ្គ្រេន។ ចំណែករដ្ឋាភិបាលបង្រួបបង្រួមដែលគាំទ្រដោយអង្គការសហប្រជាជាតិ បានជំរុញដល់ក្រុមប្រដាប់អាវុធទាំងឡាយក្នុងប្រទេសឲ្យដណ្ដើមយកទីក្រុងសឺតេពីក្រុមរដ្ឋអ៊ីស្លាមមកវិញមុនពេលបង្កើតបញ្ជាការដ្ឋានកងទ័ពបង្រួបបង្រួមមួយ៕