ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៦
សហរដ្ឋអាមេរិកថ្កោលទោសចំពោះសេចក្ដីថ្លែងការណ៍របស់ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាត ដែលប្រកាសអំពីគោលបំណងចង់ដណ្ដើមជ័យជម្នះទាំងស្រុងក្នុងសង្គ្រាមទីក្រុងអាលី្លប៉ូ និងជំរុញដល់ប្រទេសរុស្ស៊ីឲ្យប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនទៅលើទីក្រុង ដាម៉ាសដើម្បីធានាឲ្យមានបទឈប់បាញ់ក្នុងទីក្រុង។ មួយថ្ងៃក្រោយពីការចាប់ផ្ដើមអនុវត្តបទឈប់បាញ់គ្នាបណ្ដោះអាសន្ន លោក អាសាត បានបញ្ជូនសារទូរលេខមួយទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ដោយបញ្ជាក់ថាកងទ័ពរដ្ឋាភិបាលស៊ីរីអាចមិនទទួលយកអ្វីដែលមិនមែនជាជ័យជម្នះ ហើយមានផែនការបំផ្លាញអំពើបំពារបំពានរបស់ក្រុមឧទ្ទាមនៅក្នុងទីក្រុងអាលី្លប៉ូ។ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបញ្ជាក់ថារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនអំពាវនាវជាបន្ទាន់ដល់ប្រទេសរុស្ស៊ីឲ្យដោះស្រាយទៅលើសេចក្ដីថ្លែងការណ៍ដែលមិនអាចទទួលយកបានទាល់តែសោះរបស់លោក បាសា អាល់អាសាត។ រដ្ឋាភិបាលស៊ីរីព្រមទទួលយកបទឈប់បាញ់ត្រឹមតែរយៈពេល ៤៨ម៉ោងដែលចាប់ផ្ដើមកាលពីថ្ងៃព្រហស្បតិ៍ទី ៥ ឧសភា ប៉ុន្តែសហរដ្ឋអាមេរិកទាមទារឲ្យអនុវត្តគ្មានកាលកំណត់។ ការវាយប្រហារថ្មីក្នុងទីក្រុងអាលី្លប៉ូបានបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ក្រោយពីបទឈប់បាញ់គ្នាដែលបង្កើតឡើងរវាងរដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាមកាលពីខែកុម្ភៈត្រូវគេលុបចោល ចំណែកបទឈប់បាញ់គ្នាដែលភាគីជម្លោះប្ដេជ្ញាអនុវត្តឡើងវិញរួមបញ្ចូលទាំងការមិនប្រយុទ្ធគ្នាក្នុងទីក្រុងអាលី្លប៉ូផងដែរ៕