ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៦
ក្រុមមន្ត្រីសុខាភិបាលនិយាយថាយ៉ាងហោចណាស់មានមនុស្ស ៧៣នាក់ស្លាប់ និង៥២នាក់ផ្សេងទៀតរងរបួសនៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរ ២គ្រឿងឆេះបន្ទាប់ពីរថយន្តដឹកអ្នកដំណើរមួយគ្រឿងបុកគ្នាជាមួយរថយន្តដឹកប្រេងឥន្ធនៈក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ហេតុការនេះកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យក្នុងខេត្ត Ghazni។ យោងតាមប្រភពព័ត៌មានឲ្យដឹងថារថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងធ្វើដំណើរក្នុងល្បឿនលឿន ហើយបានបុកជាមួយរថយន្តដឹកប្រេងឥន្ធនៈធ្វើឲ្យរថយន្តទាំង២ ឆាបឆេះភ្លាមៗ ហើយភើ្លងក៏បន្តឆាបឆេះដល់រថយន្តក្រុងមួយគ្រឿងទៀតដែលនៅក្បែរនោះ។ គួរបញ្ជាក់ផងដែរថាគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងលើផ្លូវធំពីរដ្ឋធានីកាប៊ុលទៅកាន់ភាគខាងត្បូងទីក្រុងកាន់ដាហារ៕