ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១៦
អ្នកនាំពាក្យក្នុងតំបន់ម្នាក់និយាយថាការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងរថយន្តមួយនៅឯទីស្នាក់ការកណ្តាលប៉ូលិសចរាចរក្នុងទីក្រុងម៉ូហ្គាឌីស្យូបានសម្លាប់មន្រ្តីយ៉ាងហោចណាស់ ៣នាក់។ ប្រភពព័ត៌មានដដែលបានអោយដឹងថាប៉ូលិស ៣នាក់ផ្សេងទៀត និងជនស៊ីវិលចំនួន ៨នាក់រងរបួសក្នុងអំឡុងពេលវាយប្រហារនេះ។ ទន្ទឹមនឹងនេះ ប៉ូលិសបានសំលាប់អ្នកវាយប្រហារម្នាក់ដែលបានសម្រុកចូលទៅក្នុងទីស្នាក់ការកណ្តាលប៉ូលិសចរាចរណ៍ និងបើកការវាយប្រហារខណៈដែលក្រុមសកម្មប្រយុទ្ធអាល់សាបាអាប និយាយថាពួកគេជាអ្នកនៅពីក្រោយការវាយប្រហារនេះ ហើយក្រុមរបស់ពួកគេបាត់បង់អ្នកវាយប្រហារ ២នាក់។ អ្នកនាំពាក្យរដ្ឋបាលទីបញ្ជាការប៉ូលិសបាននិយាយថាបុរស ២នាក់មកពីក្រុមអាល់សាបាអាបបើកបររថយន្តតូយូតាមកវាយប្រហារទីបញ្ជាការប៉ូលិសចរាចរណ៍ ហើយរថយន្តនោះបានផ្ទុះឡើងនៅច្រកទ្វារចូលបណ្តាលអោយមន្ត្រី ៣នាក់ស្លាប់ និងជនស៊ីវិល ៨នាក់រងរបួស។ គួរបញ្ជាក់ថាជាញឹកញាប់ក្រុមអាល់សាបាអាប តែងតែវាយប្រហារលើគោលដៅយោធា និងជនស៊ីវិលក្នុងយុទ្ធនាការរបស់ខ្លួនដើម្បីផ្តួលរលំរដ្ឋាភិបាលគាំទ្រដោយប្រទេសលោកខាងលិចរបស់ប្រទេសសូម៉ាលី៕