ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៦
អ្នកនាំពាក្យមន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃចន្ទថាការវាយប្រហារតាមអាកាសដោយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបានសម្លាប់មន្រ្តីជាន់ខ្ពស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS នៅប្រទេសអ៊ីរ៉ាក់កាលពីសប្តាហ៍មុន។ លោក Peter Cook និយាយថាការវាយប្រហារតាមអាកាសនៅថ្ងៃទី ៦ ខែឧសភា បានសម្លាប់លោក Abu Wahib នាយទាហានក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS នៅក្នុងខេត្ត Anbar។ លោក Cook បន្តថា ការវាយប្រហារតាមអាកាសធ្វើឡើងមកលើរថយន្តដឹកលោក Abu Wahib ឬក៏ Shakir Wahib និងសមាជិកក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS ៣នាក់ផ្សេងទៀតនៅជិតទីក្រុង Rutba។ លោក Cook និយាយថា ការស្លាប់របស់លោក Abu Wahib ធ្វើឲ្យប៉ះពាល់ដល់លទ្ធភាពក្នុងការធ្វើប្រតិបត្តិការរបស់ក្រុម។ គួរបញ្ជាក់ផងដែរថា លោក Abu Wahib បានបង្ហាញខ្លួននៅក្នុងវីដេអូជាច្រើនរបស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS និងជាអតីតសមាជិកក្រុមអាល់កៃដានៅក្នុងប្រទេសអ៊ីរ៉ាក់ផងដែរ៕