ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៦
ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS ត្រូវគេរាយការណ៍ថាបានកប់ពួកសកម្មប្រយុទ្ឋរបស់ខ្លួនទាំងរស់ជាច្រើននាក់បន្ទាប់ពីក្រុមជីហាដទាំងនេះបដិសេធប្រយុទ្ធព្រមទាំងរត់ភៀសខ្លួនចេញពីសមរភូមិខណៈប្រយុទ្ឋប្រឆាំងជាមួយកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ដើម្បីវាយយកទឹកដីភាគខាងជើងខេត្ត Nineveh ដែលកាន់កាប់ដោយក្រុមភេរវករតាំងពីឆ្នាំ២០១៤ មកវិញ។ ចំនួនសរុបនៃពួកសកម្មប្រយុទ្ធដែលត្រូវកប់ទាំងរស់នោះនៅមិនទាន់ច្បាស់នៅឡើយទេ។ ទីភ្នាក់ងារសារព័ត៌មាន AhlulBayt (ABNA) បានរាយការណ៍ថាក្រុមអ្នកប្រយុទ្ធ ៣៥នាក់ស្លាប់តែសារព័ត៌មានប្រទេសអ៊ីរ៉ាក់រាយការណ៍ថាក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS បានកប់សមាជិករបស់ខ្លួនទាំងរស់ចំនួន ៤៥នាក់ពីបទរត់ភៀសខ្លួនចេញពីសមរភូមិ។ ការកាត់ទោសនេះធ្វើឡើងនៅជាយក្រុង Qayyarah ចម្ងាយប្រហែល ៣៥ម៉ាយល៍ (៦០គីឡូម៉ែត្រ) ភាគខាងត្បូងទីក្រុង Mosul ដែលកាន់កាប់ដោយពួកសកម្មប្រយុទ្ធ។ យោងតាមរបាយការណ៍ជនដែលត្រូវគេកប់ទាំងរស់ត្រូវចោទប្រកាន់ពីបទរត់ចោលជួរពីការប៉ះទង្គិចគ្នាជាមួយកងកម្លាំងរដ្ឋាភិបាលនៅក្នុងភូមិ Bashir ភាគខាងត្បូងទីក្រុងសំបូរប្រេង Kirkuk៕