ប្រទេសអូស្រ្តាលីចាប់ខ្លួន​បុរស ៥នាក់មាន​ផែនការ​ចូលរួម​ជាមួយក្រុមរដ្ឋ​អ៊ីស្លាម​

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៦

ប៉ូលិសរបស់ប្រទេសអូស្រ្តាលីបានចាប់ខ្លួនបុរស ៥នាក់ដែលកំពុងរៀបចំធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីនតាមរយៈទូកមួយគ្រឿងដើម្បីទៅចូលរួមជាមួយនឹងក្រុមរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសទាំងនោះ។ បុរសទាំង ៥នាក់នោះត្រូវចាប់ខ្លួនក្រោយពីពួកគេចាកចេញពីទីក្រុងមែលប៊ឺន ប្រទេសអូស្ត្រាលីដោយប្រើទូកខ្នាតតូចមួយគ្រឿងទំហំ ៧ម៉ែត្រឆ្ពោះទៅកាន់ទីក្រុងខឺន រដ្ឋឃ្វីនឡែន។ ប៉ូលិសទទួលបានព័ត៌មានអំពីគម្រោងរបស់បុរសទាំង ៥នាក់មានអាយុចាប់ពី ២១ឆ្នាំ ដល់ ៣៣ឆ្នាំមានបំណងចាកចេញពីប្រទេសអូស្រ្តាលីតាមទូកក្នុងគោលដៅឆ្ពោះទៅកាន់ប្រទេសស៊ីរី ។ ប្រទេសអូស្ត្រាលីស្ថិតក្រោមការរិះគន់ចំពោះគោលនយោបាយអន្តោប្រវេសន៍តឹងរឹងដែលរដ្ឋាភិបាលទីក្រុងកង់បេរ៉ាធ្វើឡើងក្នុងបំណងទប់ស្កាត់ការហូរចូលនៃជនអន្តោប្រវេសន៍តាមទូកមកពីប្រទេស ឥណ្ឌូនេស៊ី។ ប៉ូលិសកំពុងបន្តស៊ើបអង្កេតទៅលើផែនការរបស់អ្នកទាំងនោះដែលមានបំណងធ្វើដំណើរឆ្លងកាត់ប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីនមុនពេលទៅដល់ប្រទេសស៊ីរី។ ប្រទេសអូស្ត្រាលីដែលជាសម្ព័ន្ធមិត្តជិតស្និតបំផុតមួយរបស់សហរដ្ឋអាមេរិកកំពុងប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះការវាយប្រហារក្នុងប្រទេសដែលធ្វើឡើងដោយជនជ្រុលនិយម ដោយអាជ្ញាធរបានបំផ្លាញផែនការវាយប្រហារជាច្រើន ទាំងការវាយប្រហារធ្វើឡើងដោយមនុស្សតែម្នាក់ និងធ្វើឡើងជាក្រុម។ រហូតមកដល់ពេលនេះមនុស្សយ៉ាងហោចណាស់ ១០០នាក់ត្រូវអាជ្ញាធរអូស្រ្តាលីចាប់ខ្លួនពីបទសង្ស័យថាមានបំណងធ្វើដំណើរទៅកាន់ប្រទេសស៊ីរីដើម្បីចូលរួមជាមួយក្រុមរដ្ឋអ៊ីស្លាម៕

Australia 11-05-16