ការវាយប្រហារតាមអាកាសទៅលើទីប្រជុំជនខេត្តអ៊ីតលីប ប្រទេសស៊ីរី សម្លាប់មនុស្ស​ ១០នាក់​

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៦

ក្រុមតាមដានស្ថានការណ៍ក្នុងប្រទេសស៊ីរីរាយការណ៍ថាការវាយប្រហារតាមអាកាសជាច្រើនលើកទៅលើទីប្រជុំជនប៊ីនីសនៃខេត្តអ៊ីតលីប ប្រទេសស៊ីរី បានសម្លាប់មនុស្សយ៉ាងតិច ១០នាក់ ក្នុងនោះមានមេបញ្ជាការក្រុមឧទ្ទាមម្នាក់ផងដែរ ចំណែកមនុស្ស ២៥នាក់រងរបួសដែលអាចជាការវាយឆ្មក់របស់យន្តហោះរបស់រដ្ឋាភិបាលស៊ីរី ឬ អាចជាយន្តហោះរបស់ប្រទេសរុស្ស៊ី។ ខេត្តអ៊ីតលីបរបស់ប្រទេសស៊ីរីជាខេត្តជាប់ព្រំដែនជាមួយនឹងប្រទេសទួរគីស្ថិតក្រោមការគ្រប់គ្រងដោយក្រុមឧទ្ទាមផ្សេងៗ ដូចជាក្រុមរណសិរ្សនូស្រា និងក្រុមអ៊ីស្លាមនិយម អាស្រា អាល់ សាម ដែលជាក្រុមខ្លាំងមួយក្នុងតំបន់នោះ។ ភ្នាក់ងារតាមដានស្ថានការណ៍ក្នុងប្រទេសស៊ីរីបញ្ជាក់ថាទោះជារដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាមព្រមព្រៀងអនុវត្តបទឈប់បាញ់ក្នុងទីក្រុងអាល្លីប៉ូក៏ដោយ ប៉ុន្តែទីក្រុងនេះនៅតែមានការប្រយុទ្ធគ្នានៅឡើយ។ ភ្នាក់ងារសារព័ត៌មានរដ្ឋទួរគីផ្សាយថាការវាយប្រហារនោះ ធ្វើឡើងដោយយន្តហោះរដ្ឋាភិបាលស៊ីរីសំដៅទៅលើទីតាំងក្រុមឧទ្ទាមក្នុងទីប្រជុំជនប៊ីនីសស្ថិតនៅភាគខាងជើងទីប្រជុំជននៃខេត្តអ៊ីតលីប។ កាលពីសប្ដាហ៍មុន មានការវាយប្រហារតាមអាកាសទៅលើជុំរុំជនភៀសខ្លួនក្នុងទីប្រជុំជនសាម៉ាដាស្ថិតនៅក្បែរព្រំដែនសម្លាប់មនុស្ស ២៧នាក់ដែលនាំឲ្យមានការថ្កោលទោសពីសំណាក់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន ជាការវាយប្រហារដែលប្រភពជាច្រើនអះអាងថាធ្វើឡើងដោយយន្តហោះរដ្ឋាភិបាលស៊ីរី៕

Syria 11-05-16