ប្រភពព័ត៌មានពី The Indian express ចេញផ្សាយថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៦
ប្រភពព័ត៌មានពីប៉ូលិសអ៊ីរ៉ាក់បានអោយដឹងថាគ្រាប់បែកមួយដែលបានអះអាងដោយក្រុមរដ្ឋអ៊ីស្លាមនៅក្នុងស្រុកសាដ ទីក្រុងបាដាដ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩៤នាក់ និងមនុស្សប្រមាណ ៦០នាក់ផ្សេងទៀតរងរបួស។ ប្រភពព័ត៌មានបានអោយដឹងថា រថយន្តប្រភេទ SUV ផ្ទុកគ្រឿងផ្ទុះចតចោល ហើយបានផ្ទុះឡើងនៅជិតហាងកែសម្ផស្សមួយនៅក្នុងផ្សារដែលមានសភាពអ៊ូអរមមាញឹក នៅស្រុកសាដ ហើយជនរងគ្រោះភាគច្រើនបំផុតជាស្ត្រី និងអ្នករងរបួសជាច្រើនស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ ភ្នាក់ងារព័ត៌មាន Amaq ដែលគាំទ្រក្រុមរដ្ឋអ៊ីស្លាមនិយាយថាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានកំណត់គោលដៅយកអ្នកប្រយុទ្ធនិកាយស៊ីអិត។ គួរបញ្ជាក់ថាសន្តិសុខមានភាពប្រសើរឡើងជាបណ្តើរៗក្នុងទីក្រុងបាដាដដែលជាគោលដៅនៃការបំផ្ទុះគ្រាប់បែកប្រចាំថ្ងៃរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប៉ុន្តែអំពើហិង្សាប្រឆាំងទាំងកងកម្លាំងសន្តិសុខ និងជនស៊ីវិលនៅតែកើតឡើងជាញឹកញាប់។ អំពើហិង្សាសាសនាក៏បានគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងដែលគាំទ្រដោយសហរដ្ឋអាមេរិកដើម្បីបណ្តេញក្រុមសកម្មប្រយុទ្ធពីតំបន់ជាច្រើននៅភាគខាងជើង និងភាគខាងលិចប្រទេសអ៊ីរ៉ាក់ដែលពួកគេរឹបអូសបានក្នុងឆ្នាំ២០១៤ ផងដែរ៕