ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៦
រដ្ឋធានីបាដាដ ប្រទេសអ៊ីរ៉ាក់ រញ្ជួយយ៉ាងខ្លាំងដោយការផ្ទុះគ្រាប់បែក ០៣ដងបន្តបន្ទាប់គ្នាដែលបានឆក់យកជិវិតជនស៊ីវិលរាប់សិបនាក់នេះយោងតាមប្រពភព័ត៌មានពីមន្រ្តីប៉ូលិស និងបណ្តាញផ្សព្វផ្សាយព័ត៌មាន។ ក្រុមឧទាមរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវក្នុងការវាយប្រហារនេះ។ ការវាយប្រហារបំផ្ទុះគ្រាប់បែករថយន្តស្ថិតនៅក្នុងសង្កាត់នៃទីក្រុង Sadr បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៣នាក់ និងបង្ករឲ្យមានអ្នករងរបួសជាច្រើនអ្នកផ្សេងទៀត នេះបើយោងតាមសេចក្តីរាយការណ៍របស់ AP ដែលដកស្រង់ចេញពីមន្រ្តីអ៊ីរ៉ាក់។ រថយន្តប្រភេទ SUV ដែលផ្ទុកគ្រឿងផ្ទុះបានចតនៅជិតហាងកែសម្ជស្សក្នុងផ្សាដ៏មមាញឹកមួយកន្លែងក្នុងក្រុង Sadr នេះបើយោងតាមសេចក្តីរាយការណ៍របស់ប៉ូលិសអ៊ីរ៉ាក់។ បណ្តាញសារព័ត៌មានមួយដែលគាំទ្រក្រុមឧទាមអ៊ីស្លាមបានរាយការណ៍ថាគ្រាប់បែកទាំងនោះបំផ្ទុះដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត។ ការផ្ទុះបានសម្លាប់មនុស្ស ២០នាក់នៅកន្លែងកើតហេតុ និងអ្នកផ្សេងទៀតបានស្លាប់ដោយសាររងរបួសធ្ងន់ធ្ងរ។ យ៉ាងហោចណាស់ក៏មានមនុស្ស ៦០ បានរងរបួសដោយការបំផ្ទុះនេះ និងមានមនុស្សជាច្រើនទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ មិនយូរប៉ុន្មានមានការវាយប្រហារចំនួន ០២កន្លែងផ្សេងទៀតកើតឡើងក្នុងទីក្រុងនេះ។ កន្លែងកើតហេតុមួយក្នុងចំណោមទាំង៣ កើតឡើងក្នុងសង្កាត់ Kadhimiya នៅភាគខាងជើងនៃក្រុងបាដាដ ជាតំបន់នៃទីក្រុងដែលគេចាត់ទុកថាជាមជ្ឈមណ្ឌលក្រុមអ៊ីស្លាមស៊ីអ៊ីត។ មានការអះអាងថាការវាយនេះបានឆក់យកជិវិតមនុស្សអស់ ១៨នាក់ នេះបើយោងតាមប្រភពព័ត៌មានពីមន្ត្រីប៉ូលិស និងខាងមន្ទីពេទ្យប្រាប់ទៅ AP ក្នុងស្ថានភាពអនាមិក ហើយពួកគេបានបន្ថែមទៀតថាយ៉ាងហោចណាស់មានមនុស្ស ៣៤នាក់បានរងរបួស។ មន្រ្តីប៉ូលិសចំនួន ០៥នាក់ស្ថិតក្នុងចំណោមអ្នករងរបួសក្នុងសង្កាត់ Kadhimiya មន្រ្តីមានសមត្ថកិច្ចបានបន្ថែម។ គ្រាប់បែកដែលផ្ទុះមួយគ្រាប់ទៀតកើតឡើងនៅសង្កាត់ Sunni នៃក្រុង Jamiya សម្លាប់មនុស្ស ០៧នាក់ និងយ៉ាងហោចណាស់មានអ្នករងរបួស ២២នាក់។ មន្រ្តីមានសមត្ថកិច្ចបានប្រាប់ Reuters ពីចំនួនអ្នកស្លាប់នឹងមានការកើនឡើង។ ក្រុមអ៊ីស្លាមសុនននី គឺជាពួកកាន់សាសនាជ្រុលនិយម និងចាត់ទុកអ្នកកាន់និកាយផ្សេងទៀតជាអ្នកក្បត់ និងជាសត្រូវរបស់ពួកគេ។ អំពើហិង្សានៅតែជាបញ្ហាប្រឈមធំបំផុតក្នុងប្រទេសអ៊ីរ៉ាក់ តាំងពីសហរដ្ឋអាមេរិចឈ្លានពានលើអ៊ីរ៉ាក់ ហើយទំលាក់ជនជាតិភាគតិចសុនននីអំណាច ដោយជំនួសវិញដោយ និកាយ ស៊ីអ៊ីត រដ្ឋាភិបាលមានសំឡេងភាគច្រើន៕