ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៦
ប្រភពពីសន្តិសុខ និងមន្ទីរពេទ្យបានឲ្យដឹងថាអ្នកបំផ្ទុះគ្រាប់បែកម្នាក់បានសម្លាប់ប៉ូលិសជ្រើសរើសថ្មី ២៥នាក់ក្នុងទីក្រុងមុកាឡាភាគខាងត្បូងប្រទេសយេម៉ែនក្នុងការវាយប្រហារមួយដែលអះអាងដោយក្រុមរដ្ឋអ៊ីស្លាម។ ជនរងគ្រោះបានឈរតំរង់ជួរចុះឈ្មោះនៅពេលដែលគ្រាប់បែកផ្ទុះឡើងដែលបណ្តាលឲ្យមនុស្ស ២៥នាក់ផ្សេងទៀតរងរបួស។ នេះជាបំផ្ទុះគ្រាប់បែកអត្តឃាតលើទី២ ក្នុងរយៈពេល បួនថ្ងៃដែលបានវាយប្រហារទីក្រុងនេះដែលជាមជ្ឈមណ្ឌលរបស់ក្រុមអាល់កៃដាមុនពេលដែលពួកគេត្រូវបណ្តេញចេញកាលពីចុងខែមុនដោយការវាយលុករបស់កងទ័ពយេម៉ែនដែលគាំទ្រដោយក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត។ ក្នុងសារមួយ នៅលើបណ្តាញព័ត៌មានរបស់ខ្លួន ក្រុមរដ្ឋអ៊ីស្លាមនិយាយថាការវាយប្រហារនេះសម្លាប់មនុស្ស ៤០នាក់។ គួរបញ្ជាក់ថាការគំរាមកំហែង ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមដែលកើនឡើងបានធ្វើអោយក្រុមហូធីស និងរដ្ឋាភិបាលយេម៉ែនចាប់ផ្តើមចរចាសន្តិភាពដែលកំពុងដំណើរការ នៅក្នុងប្រទេសគុយវ៉ែត៕